នាថ្ងៃ អង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះអនុវត្តសកម្មភាពតាមដាន ត្រួតពិនិត្យ និងចូលរួមសម្របសម្រួលវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតំបន់ទន្លេសាប ដោយបានធ្វើការជួបពិភាក្សាជាមួយតំណាងអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សូមបញ្ជាក់ជូនថា សកម្មភាពតាមដាន ត្រួតពិនិត្យ និងចូលរួមសម្របសម្រួលវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ នៅតំបន់ទន្លេសាប ក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហការរវាងស្ថាប័នជំនាញពាក់ព័ន្ធ និងការយល់ដឹងពីដំណើរការនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ធនធានធម្មជាតិ រួមទាំងការចែករំលែកនូវទិន្ន័យ-ព័ត៌មានទាន់ហេតុការណ៍ ដែលកើតមានឡើងក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងស្វែងយល់បន្ថែមពីវិធីសាស្ត្រក្នុងការដោះស្រាយវិវាទផលប្រយោជន៍ពីការទាញយកធនធានធម្មជាតិ នៅកម្រិតថ្នាក់ក្រោមជាតិ សម្រាប់ភាពជោគជ័យក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព៕








