នាថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសអនុវត្តគម្រោងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ចុះពិនិត្យ ជួសជុល ថែទាំ និងផ្ទៀងផ្ទាត់ទិន្នន័យទទួលបានពីឧបករណ៍ស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិ ចំនួន ៥ស្ថានីយ (៤ទីតាំង) ស្ថិតនៅក្នុងខេត្តកំពង់ធំ សៀមរាប និងខេត្តបាត់ដំបង។
សូមជម្រាបជូនថា នៅក្នុងដំណើរចុះបំពេញបេសកកម្មនេះ ឯកឧត្តម បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេស ធ្វើការថែទាំ សំអាតឧបករណ៍ ពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ(reconfiguration) ដើម្បីទទួលបាននូវភាពសុក្រឹត្យនៃការបញ្ជូនទិន្នន័យជលសាស្ត្រ និងឧតុនិយម មកម៉ាស៊ីនមេផ្ទុកទិន្នន័យ (Main Server Data Storage) និងក្តារម៉ែត្រ (Manual) នៃស្ថានីយដូចខាងក្រោម៖ ១. ស្ថានីយជលសាស្ត្រ និងឧតុនិយម (H.R) ចំនួន ១ ស្ថានីយ តាមដងស្ទឹងជីនិត ស្ថិតនៅត្រង់ចំណុចភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ២. ស្ថានីយជលសាស្ត្រ និងឧតុនិយម (AWS, H.Q.R) ចំនួន ២ស្ថានីយ តាមដងស្ទឹងសែន ស្ថិតត្រង់ចំណុចស្ពានតាអោក ភូមិអូរ ឃុំតាអោក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ៣. ស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិ (HR) ចំនួន ១ស្ថានីយ តាមដងស្ទឹងសង្កែ ស្ថិតត្រង់ចំណុចជាប់បឹងទន្លេសាប (ព្រែកទាល់-ស្ទឹងសង្កែ) ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី៤. ស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិ(H.Q.R) ចំនួន ១ស្ថានីយ តាមដងស្ទឹងស្រែង ស្ថិតត្រង់ចំណុចឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សូមបញ្ជាក់ជូនថា អាជ្ញាធរទន្លេសាប បានទទួលស្ថានីយស្វ័យប្រវត្តិ ចំនួន ១១ស្ថានីយ តម្លើងនៅ ៨ទីតាំង និងស្ថានីយមេ (Master Station) ក្រោមគម្រោងសាកល្បងនៃការអង្កេតទិន្នន័យជលសាស្ត្រ និងបច្ចេកវិទ្យាបញ្ចូនស្វ័យប្រវត្តិ តំបន់អាងទន្លេសាប នៅឆ្នាំ២០២១ ពីគម្រោងកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងស្វ័យប្រវត្តិកម្មការអភិរក្សទឹកណានជីង (មេគង្គ-ឡាងឆាង) នៃក្រសួងធនធានទឹកចិន ៕













