នាថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាពីស្ថានភាពទូទៅ សក្តានុពល បញ្ហាប្រឈម និងកត្តាគំរាមកំហែងផ្សេងៗដល់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍ ស្ថិតក្នុងសហគមន៍នេសាទព្រៃជ្រូក ឃុំព្រៃជ្រូក និងសហគមន៍នេសាទមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
ដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណង៖
១/. សិក្សាស្វែងយល់ពីស្ថានភាពទូទៅ ដំណើរការនៃការគ្រប់គ្រងសហគមន៍នេសាទ ប្រសិទ្ធភាព ព្រមទាំងកត្តាផ្សេងៗដែលជាបញ្ហាប្រឈមដល់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍
២/. ស្វែងយល់ពីធនធានធម្មជាតិដែលមាននៅក្នុងតំបន់សហគមន៍ វិធីសាស្ត្រនៃការគ្រប់គ្រង វិធានការដោះស្រាយរួម និងដំណើរការឆ្ពោះទៅការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជលផលនៅជុំវិញបឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព។
ការចុះបំពេញបេសកកម្មនេះ ក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទ ក្នុងតំបន់
- ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅរបស់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាអំពីស្ថានភាពទូទៅ សក្តានុពល និងបញ្ហាប្រឈមនានារបស់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍ ស្ថិតក្នុងសហគមន៍នេសាទព្រៃជ្រូក ឃុំព្រៃជ្រូក និងសហគមន៍នេសាទមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប គឺជាផ្នែកមួយនៃសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕










