នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេស របស់អាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាស្តីអំពី “ការធ្វើម៉ូដែលសំណល់ប្លាស្ទិកក្នុងស្ទឹង និងទន្លេករណីសិក្សា នៅដៃបឹងទន្លេសាប” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានកិច្ចសហការពី ASEAN-Norwegian Cooperation Project, Norwegian Institute for Water Research (NIVA) ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរទន្លេសាប, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI), អង្គការអភិវឌ្ឍជំនាញទឹកស្អាត និងអនាម័យ (WASH), ជំនាញការជាតិ និងអន្តរជាតិ, សាស្ត្រាចារ្យ និងនិស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានសមាសភាពចូលរួមសរុបប្រមាណ ៣០នាក់។
គោលបំណង នៃសិក្ខាសាលាពិគ្រោះយោបល់៖
១. ពន្យល់អំពីក្របខ័ណ្ឌគំរូសម្រាប់លំហូរប្លាស្ទិកក្នុងទន្លេ ដែលត្រូវបានអនុវត្តដោយ NIVA រួមទាំងការសន្មតនានា តម្រូវការទិន្នន័យ និងលទ្ធផលដែលទទួលបាន
២. ធ្វើការបង្ហាញពីការអនុវត្តករណីសិក្សានៅក្នុងដៃទន្លេមួយនៃបឹងទន្លេសាប និងទិន្នន័យជាក់ស្តែងពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) (ឆ្នាំ ២០២៤-២០២៥) ដែលត្រូវបានប្រើប្រាស់សម្រាប់គំរូនេះ
៣. ផ្លាស់ប្តូរយោបល់អំពីរបៀបដែលលទ្ធផល នៃការធ្វើគំរូអាចផ្តល់ព័ត៌មានសម្រាប់ការរៀបចំផែនការតាមដាន និងផែនការកាត់បន្ថយផលប៉ះពាល់នៅក្នុងអាងទន្លេ
៤. កំណត់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ត ការចែករំលែកទិន្នន័យ និងការកសាងសមត្ថភាព រួមទាំងការវាយតម្លៃអំពីមីក្រូផ្លាស្ទិក (microplastics)។
សូមជម្រាបជូនថា គម្រោងសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពថ្នាក់តំបន់សម្រាប់ការកាត់បន្ថយការបំពុលដោយប្លាស្ទិក ដំណាក់កាលទី ២ (ASEANO2) គឺជាគំនិតផ្តួចផ្តើមផ្នែកស្រាវជ្រាវ និងការកសាងសមត្ថភាព ដែលទទួលបានការឧបត្ថម្ភថវិកាពីក្រសួងការបរទេសន័រវែស និងគ្រប់គ្រងដោយវិទ្យាស្ថានស្រាវជ្រាវទឹកន័រវែស (NIVA) សហការជាមួយមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍ (CSEAS)។ នៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គឺជាដៃគូអនុវត្តផ្នែកវិទ្យាសាស្ត្រធម្មជាតិ ដោយធ្វើការតាមដាននៅសៀមរាប កំពង់ឃ្លាំង និងស្ទឹងសង្កែ ដែលសុទ្ធសឹងជាដៃទន្លេ ហូរចូលបឹងទន្លេសាប។ សិក្ខាសាលានេះគឺជាផ្នែកមួយនៃកញ្ចប់ការងារស្តីពីការអប់រំ និងការផ្សព្វផ្សាយរបស់គម្រោង៕








