នាថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ចុះសិក្សាសក្ដានុពលតំបន់ទឹកឡើង-នាច (តំបន់លិចទឹកតាមរដូវ)នៃតំបន់ព្រៃលិចទឹក (តំបន់ ៣) នៅទីតាំងចំនួន ១៣ ជុំវិញបឹងទន្លេសាប ដែលសាកល្បងតាមរយៈការចុះវាស់វែងផ្ទាល់ដោយប្រើប្រាស់ប្រព័ន្ធ DGPS (XYZ) និងរូបភាពផ្កាយរណប (Sentinel)នារដូវវស្សាឆ្នាំ២០២៦ ពេលដែលកម្ពស់ទឹកបឹងទន្លេសាបមានកម្ពស់ ៦,៨៩ម៉ែត្រ។
ការសិក្សាខាងលើមានគោលបំណងរួមគឺ៖ សិក្សា និងតាមដានការប្រែប្រួលសណ្ឋានដី កម្រិតទឹក និងស្ថានភាពរូបវន្តនៃតំបន់អន្តរកាលជុំវិញបឹងទន្លេសាប ដើម្បីផ្តល់ជាមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ការគ្រប់គ្រងធនធានទឹក បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយចុះធ្វើការអង្កេតផ្ទាល់ និងវាស់វែងនៅទីតាំងជាក់ស្តែងដោយប្រើប្រាស់ឧបករណ៍ DGPS (XYZ) នៅតំបន់ដែនវិសាលភាពជុំវិញបឹងទន្លេសាប នៃតំបន់ ៣ (ចំនួន ១៣ចំណុច ជុំវិញបឹងទន្លេសាប) ដោយបង្ហោះដ្រូន និងការថតរូបប្រភេទរុក្ខជាតិខុសៗគ្នានៅក្នុងព្រៃលិចទឹកនារដូវវស្សា ឆ្នាំ២០២៦ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប៕













