Wednesday, May 13, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​ជីក​ស្តារ​ព្រែក ដែលជា​ច្រក​ផ្លូវ​ចរាចរណ៍​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​ចេញ​-​ចូលទៅ​ទស្សនា​បឹង​ទន្លេសាប ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប

នា​ថ្ងៃ​អង្គារ ១១​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង តំណាង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប រួមជាមួយ​លោក លី សារី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប សហការ​ជាមួយ​គ្រឹះស្ថាន​អង្គរ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម រដ្ឋបាលខេត្ត មន្ទីរ​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ កងកម្លាំង និង​សមាគម​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​ចុង​ឃ្នៀ​ស ខេត្តសៀមរាប ដើម្បី​ចូលរួម​ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​ជីក​ស្តារ​ព្រែក ដែលជា​ច្រក​ផ្លូវ​ចរាចរណ៍​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​ចេញ​-​ចូលទៅ​ទស្សនា​បឹង​ទន្លេសាប ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ប្រវែង​សរុប ១ ២៨៣ ម៉ែត្រ មាន​ទទឹង ១៥​ម៉ែត្រ និង​ជម្រៅ ២.៥​ម៉ែត្រ​។ ដើម្បី​រួមចំណែក​ក្នុងការ​ថែរក្សា​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុងការ​ធានាបាន​នូវ​លំហូរ​ទឹកជំនន់ ក៏ដូចជា​លំហូរ​ផ្លូវទឹក​សម្រាប់​នាវាចរ និង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ និង​ប្រើប្រាស់​ប្រចាំថ្ងៃ ក្រុមការងារ​បានសម្រេច​ជូន​គ្រឹះស្ថាន​អង្គរ រៀបចំ​ធ្វើ​ផែនការ​ឱ្យបាន​លម្អិត​ច្បាស់លាស់​បែប​លក្ខណៈ​បច្ចេកទេស ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត រួច​ដាក់សំណើ​ឆ្លង​មក​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អាជ្ញាធរ​ទន្លេសាប​។
​សូម​ជម្រាបជូន​ថា តាមរយៈ​លិខិត​លេខ​៣៩៦ សជណ​.​ហ​ធ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ របស់​ទីស្តីការ គណៈរដ្ឋមន្ត្រី បាន​ដកហូត​ទីតាំង​វិនិយោគ​តំបន់​ចុង​ឃ្នៀ​ស​នេះ ជូន​រដ្ឋបាល​ខេត្តសៀមរាប និង​គ្រឹះស្ថាន​អង្គរ ដើម្បី​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​៕

ព័ត៌មាន និងព្រឹត្តិការណ៍