នាថ្ងៃព្រហស្បតិ៍ ៣កើត ខែកក្កិត ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ម សុធា ប្រធានការិយាល័យជីវចម្រុះ ក្នុងនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសិលាស្តីពី “វេទិកាមូសុងជាតិលើកទី ១២”នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ សិទ្ធ វណ្ណារ៉េត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម និងជាតំណាងអចិន្ត្រៃយកម្ពុជាសម្រាប់អង្គការឧតុនិយមពិភពលោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ វេទិកានេះបានរៀបចំឡើងដោយក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្កការ “RIMES” ក្រោមការគាំទ្រពីអង្គការឧតុនិយមពិភពលោកនៃគម្រោង “CREWS 2.0” ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិរួមមាន៖ ក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងព័ត៌មាន ក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងកិច្ចការនារី ក្រសួងផែនការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាកាសចរស៊ីវិល មន្ទីរធនធានទឹក និងឧតុនិយមរាជធានី/ខេត្ត(Zoom) និស្សិតសាកលវិឡាល័យភូមិន្ទភ្នំពេញ អង្គការឧតុនិយមពិភពលោក(WMO) អង្គការស្បៀងអាហារពិភពលោក(WFO) ស្ថាប័នអន្តរជាតិ ដែលផ្តល់សេវាកម្មជូនដំណឹងជាមុនអំពីគ្រោះថ្នាក់ធម្មជាតិ(RIMES) និងអ្នកពាក់ព័ន្ធ។
សូមជម្រាបជូបថា សិក្ខាសាលានេះមានគោលបំណង: (១).ពិនិត្យឡើងវិញអំពីស្ថានភាពអាកាសធាតុរបស់កម្ពុជា និងបទពិសោធន៍តាមវិស័យក្នុងរដូវវស្សាឆ្នាំ ២០២៦ ព្រមទាំងពិនិត្យមើលរដូវប្រាំងខាងមុខ (២).វាយតម្លៃលទ្ធផល និងការប្រើប្រាស់ការព្យាករណ៍អាកាសធាតុ និងធារាសាស្ត្រតាមរដូវកាល និងចងក្រងមេរៀនសម្រាប់ការផ្តល់សេវាអាកាសធាតុ និងធារាសាស្ត្រនាពេលអនាគត (៣).បង្ហាញការព្យាករណ៍តាមរដូវកាលសម្រាប់ខែធ្នូ-មករា-កុម្ភៈ ឆ្នាំ ២០២៦ និង២០២៧ និងខែមីនា-មេសា-ឧសភា ឆ្នាំ ២០២៧ និងធ្វើបច្ចុប្បន្នភាពអំពីបាតុភូត ENSO ដើម្បីផ្តល់ព័ត៏មានសម្រាប់ការត្រៀមបង្ការក្នុងរដូវប្រាំងនាពេលខាងមុខ. (៤).ប្រមូលមតិយោបល់ពីអ្នកប្រើប្រាស់តាមវិស័យ អំពីតម្រូវការព័ត៌មានអាកាសធាតុ និងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ DOM (៥).សម្របសម្រួលការពិគ្រោះយោបល់កម្រិតបច្ចេកទេស និងការចូលរួមរបស់អ្នកពាក់ព័ន្ធនឹង Hydromet Atlas៕
















