នាថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប និងជាសមាជិកគម្រោង ការតាមដានភាពសម្បូរ និងភាពចម្រុះនៃប្រភេទត្រី របស់អ្នកនេសាទនៅខេត្តជុំវិញបឹងទន្លេសាប បានចូលរួមកិច្ចសិក្ខាសាលាថ្នាក់តំបន់នៅទីក្រុងហូជីមីញ, ប្រទេសវៀតណាម។ គោលបំណងនៃសិក្ខាសាលា៖
- ដើម្បីបង្ហាញ និងពិនិត្យមើលសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍តាមដានភាពសម្បូរ និងភាពចម្រុះនៃប្រភេទត្រី (FADM) ឆ្នាំ២០២៣-២០២៤
- ដើម្បីឯកភាពលើសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍ មុនពេលធ្វើការបោះពុម្ពផ្សាយ
- ដើម្បីបង្ហាញ និងផ្សព្វផ្សាយលទ្ធផលសំខាន់ៗពីការសិក្សាសាកល្បង ស្តីពីទំនាក់ទំនងរវាងទឹក ថាមពល និងជលផល (Water-Energy-Fisheries Nexus) នៅតំបន់ស៊ីផាន់ដន (Siphandone) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
- ដើម្បីទទួលបានមតិយោបល់ និងអនុសាសន៍ពីអ្នកចូលរួម និងសមាជិកគណៈកម្មាធិការមេគង្គ អំពីវិធីសាស្ត្រ Nexus និងរបៀបអនុវត្តវិធីសាស្ត្រនេះនៅក្នុងប្រទេសនីមួយៗ ក្រោមគម្រោងជលផលមេគង្គ (Mekong Fisheries Project)
- ដើម្បីចែករំលែកបទពិសោធន៍ស្តីពីការអនុវត្ត តាមដានភាពសម្បូរ និងភាពចម្រុះនៃប្រភេទត្រី (FADM) និងការតាមដានកូនត្រីម្ស៉ៅ (FLDM) ព្រមទាំងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ
- ដើម្បីកំណត់បញ្ហាប្រឈម ចន្លោះប្រហោង និងការអនុវត្តល្អបំផុត (best practices) ក្នុងការប្រមូលទិន្នន័យ ការធានាគុណភាព/ការត្រួតពិនិត្យគុណភាព (QA/QC) និងប្រព័ន្ធមូលដ្ឋានទិន្នន័យ
- ដើម្បីរៀបចំអនុសាសន៍សម្រាប់ការកែលម្អ និងធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានៃការអនុវត្ត តាមដានភាពសម្បូរ និងភាពចម្រុះនៃប្រភេទត្រី (FADM) និងការតាមដានកូនត្រីម្ស៉ៅ (FLDM)
- ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង វិភាគ និងប្រើប្រាស់មូលដ្ឋានទិន្នន័យសម្រាប់ការតាមដានវិស័យជលផល។
សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់តំបន់នេះ ដឹកនាំសម្របសម្រួលដោយតំណាងគណ:កម្មាធិការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិកមេគង្គរួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ និងក្រុមការងារលេខាធិការដ្ឋានMRC សរុប ២៥រូប(ស្រី ៦រូប)៕











