នាថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការបញ្ចប់ផែនការអនុវត្តសកម្មភាពទឹកក្រោមដីឆ្នាំ 2027-2030 ដែលបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដោយឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅសាលប្រជុំទីរួមខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការសម្របសម្រួលធ្វើបទបង្ហាញដោយអ្នកជំនាញការជាតិ របស់គម្រោងសរុបចំនួន ១៣រូប (ស្រី ២រូប)។
សូមជម្រាបជូនថា គោលបំណង នៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ គឺដើម្បី៖ (១)ធ្វើបទបង្ហាញ និងពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃផែនការជាតិស្តីពីការប្រមូលទិន្នន័យទឹកក្រោមដី (ឆ្នាំ ២០២៧-២០៣០) ក្រោមក្របខ័ណ្ឌគម្រោង (SGUMA) និង (២)ស្វែងរកការឯកភាព និងការយល់ព្រមលើសេចក្តីព្រាងចុងក្រោយនៃផែនការជាតិនេះ ពីស្ថាប័នជំនាញថ្នាក់ជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗ៕











