នាថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាពីស្ថានភាពទូទៅ សក្តានុពល បញ្ហាប្រឈម និងកត្តាគំរាមកំហែងផ្សេងៗដល់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍ ស្ថិតក្នុងសហគមន៍នេសាទជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណង៖
១. សិក្សាស្វែងយល់ពីស្ថានភាពទូទៅ ដំណើរការនៃការគ្រប់គ្រងសហគមន៍នេសាទ ប្រសិទ្ធភាព ព្រមទាំងកត្តាផ្សេងៗដែលជាបញ្ហាប្រឈមដល់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍
២. ស្វែងយល់ពីធនធានធម្មជាតិដែលមាននៅក្នុងតំបន់សហគមន៍ វិធីសាស្ត្រនៃការគ្រប់គ្រង វិធានការដោះស្រាយរួម និងដំណើរការឆ្ពោះទៅការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជលផលនៅជុំវិញបឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព។
ការចុះបំពេញបេសកកម្មនេះក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានបន្ថែមជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទក្នុងតំបន់
- ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅរបស់សហគមន៍នេសាទ កន្លែងអភិរក្សសហគមន៍ និងតំបន់ពាក់ព័ន្ធ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាអំពីស្ថានភាពទូទៅ សក្តានុពល និងបញ្ហាប្រឈមនានារបស់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍ ស្ថិតក្នុងសហគមន៍នេសាទជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប គឺជាផ្នែកមួយនៃសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕








