អនុវត្តតាមលិខិតលេខ១៨៨ សជណ.ដប ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង តំណាងឱ្យឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះជួបប្រជុំពិភាក្សាជាមួយលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងតំណាងរដ្ឋបាលស្រុក ភូមិបាលស្រុក អាជ្ញាធរភូមិឃុំ នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីចុះកំណត់ និងផ្ទៀងផ្ទាត់និយាមការបោះបង្គោលព្រំតំបន់កាត់ឆ្វៀល តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣ នៃខេត្តពោធិ៍សាត់។
ស្តែងចេញពីលទ្ធផលការងារបោះបង្គោលជំហាន១ បង្គោលព្រំតំបន់៣ ក្នុងឆ្នាំ២០២៤ នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប និងការងារបោះបង្គោលជំហាន២ បង្គោលព្រំតំបន់កាត់ឆ្វៀល ក្នុងឆ្នាំ២០២៥ ស្ថិតនៅខេត្តកំពង់ឆ្នាំង និងផ្នែកខ្លះនៃខេត្តកំពង់ធំ នៅឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលជំហាន២ បន្ត បង្គោលព្រំតំបន់កាត់ឆ្វៀល តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានបង្គោលសរុបចំនួន ប្រមាណ ១៣០០បង្គោល។
សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ការពារថែរក្សាធនធានធម្មជាតិនៅតំបន់ទន្លេសាប ពិសេស ព្រៃលិចទឹកនៅក្នុងតំបន់៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាបតែងតែចាត់តាំងក្រុមការងារចុះពិនិត្យតាមដានជាប្រចាំនៅខេត្តជុំវិញបឹងទន្លេសាប ដើម្បីចូលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដែលតែងកើតមានឡើងនៅតំបន់ជុំវិញបឹងទន្លេសាប៕





























