នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក បានអញ្ជើញដឹកនាំសម្របសម្រួលសិក្ខាសាលា ស្តីពីទំនាក់ទំនងការប្រើប្រាស់ បច្ចេកទេសវិទ្យាបញ្ញាសិប្បនិម្មិត AI ( សម្រាប់ការគ្រប់គ្រងទន្លេសាប និងគោលនយោបាយទឹក Co-Creation Workshop for initiative and AI for Water governance Concepts) ដោយទទួលបានកិច្ចសហការរៀបចំ ពីក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក នៅ Atom Vattanac Tower។ សមាសភាពសិក្ខាកាម អញ្ជើញ ចូលរួមមកពីតំណាងក្រសួង ស្ថាប័នបច្ចេកទេសជំនាញសំខាន់ៗ ជាសមាជិករបស់អាជ្ញាធរទន្លេសាប និងមន្ត្រីរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា សិក្ខាសាលានេះ បានបង្ហាញ និងពិភាក្សាផ្តោតសំខាន់ទៅលើ៖
១- កំណែទម្រង់ទិន្នន័យ និងបញ្ហាសិប្បនិម្មិត AI សម្រាប់អាជ្ញាធរទន្លេសាប និងស្ថាប័នជំនាញពាក់ព័ន្ធ
២- ចែករំលែកការយល់ដឹងពីបញ្ហាទន្លេសាប ដូចជា បរិមាណ គុណភាពទឹក និងអភិបាលកិច្ចធនធានទឹក
៣- ការបង្ហាញអំពីខ្សែសង្វាក់តម្លៃនៃការប្រើប្រាស់បច្ចេកវិទ្យាសប្បនិម្មិត AI អភិបាលកិច្ចទឹក (ការរួមបញ្ចូលទិន្នន័យ ស្ថាបត្យកម្ម និងការវិភាគ)។
សូមបញ្ជាក់ជូនថា អាជ្ញាធរទន្លេសាប បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ស្ថិតក្រោមកម្មវិធីគម្រោងវាយតម្លៃសន្តិសុខទឹកទន្លេសាប និងបានកំពុងតែរៀបចំកសាងឯកសារសំខាន់ៗ រួមមាន ៖ (១). របាយការណ៍ ស្តីពីស្ថានភាពអាងទន្លេសាប, (២). ការវាយតម្លៃសន្តិសុខទឹកទន្លេសាប និង (៣). សេចក្តីសង្ខេបគោលនយោបាយ៕



























