Wednesday, May 13, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង ចុះ​កំណត់ និង​ផ្ទៀងផ្ទាត់​និយាម​ការបោះ​បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣ នៃ​ខេត្តពោធិ៍សាត់​

​អនុវត្តតាម​លិខិត​លេខ​១៨៨ សជណ​.​ដប ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រឹក​ថ្ងៃ​ចន្ទ ៣​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង តំណាងឱ្យ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ចុះ​ជួបប្រជុំ​ពិភាក្សា​ជាមួយ​លោក លឹម សុខ​តូ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​តំណាង​រដ្ឋបាល​ស្រុក ភូមិបាល​ស្រុក អាជ្ញាធរ​ភូមិ​ឃុំ នៃ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដើម្បី​ចុះ​កំណត់ និង​ផ្ទៀងផ្ទាត់​និយាម​ការបោះ​បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣ នៃ​ខេត្តពោធិ៍សាត់​។​
​ស្តែង​ចេញពី​លទ្ធផល​ការងារ​បោះបង្គោល​ជំហាន​១ បង្គោលព្រំ​តំបន់​៣ ក្នុង​ឆ្នាំ​២០២៤ នៅ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប និង​ការងារ​បោះបង្គោល​ជំហាន​២ បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល ក្នុង​ឆ្នាំ​២០២៥ ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង និង​ផ្នែក​ខ្លះ​នៃ​ខេត្តកំពង់ធំ នៅ​ឆ្នាំ​២០២៦ នេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​អាជ្ញាធរ​ទន្លេសាប ធ្វើការ​បោះបង្គោល​ជំហាន​២ បន្ត បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ដែលមាន​បង្គោល​សរុប​ចំនួន ប្រមាណ ១៣០០​បង្គោល​។
​សូម​ជម្រាបជូន​ថា ក្រោម​ការយកចិត្តទុកដាក់​ការពារ​ថែរក្សា​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេសាប ពិសេស ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​តែងតែ​ចាត់តាំង​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន​ជាប្រចាំ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដែល​តែង​កើតមានឡើង​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍