នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ វិន័យ និងវត្តមានរបស់មន្ត្រីរាជការ តាមប្រព័ន្ធឌីជីថលដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋានទាំង៤ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប តែងធ្វើការណែនាំ និងចង្អុលបង្ហាញឱ្យបន្តការយកចិត្តទុកដាក់លើការពង្រឹងប្រសិទ្ធភាពការងារ វិន័យ វត្តមានមន្ត្រីរាជការមកបម្រើការងារនៅក្នុងស្ថាប័ន និងអនុវត្តនូវតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ មានភាពម្ចាស់ការ ដោយគោរពតាមឋានានុក្រមការងាររបស់ស្ថាប័ន ស្របតាមការវិភាគមុខងារ និងការកែទម្រង់ក្រសួង-ស្ថាប័ន ព្រមទាំងមានសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជាមួយដៃអភិវឌ្ឍន៍នានា ដើម្បីទទួលបាននូវប្រសិទ្ធភាពការងារ និងសុខដុមនីយកម្មនៅក្នុងអង្គភាព៕















