នាថ្ងៃចន្ទ ១៥រោច ខែពិសាខ ដល់ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្ស នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦(ទន្លេឆ្មារ) ស្ថិតក្នុងភូមិសាស្ត្រភូមិដូនស្តើង និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្រុមការងារចុះសិក្សាស្វែងយល់បាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរដែនដី(មេភូមិ ក្រុមប្រឹក្សាឃុំ)
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចំណុះឱ្យភូមិភាគ៤ ខេត្តសៀមរាប
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយសហគមន៍នេសាទ និងប្រជានេសាទ។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលខាងលើនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ។ ក្នុងដំណើរចុះសិក្សាមានគោលបំណងសំខាន់ៗ៖ - ស្វែងយល់ពីស្ថានភាពទូទៅដែលពាក់ព័ន្ធទៅនឹងតំបន់អភិរក្ស ព្រមទាំងអង្គការដៃគូរអភិវឌ្ឍន៍ផ្សេងៗដែលចូលរួមឧបត្ថម្ភគាំទ្រដល់កិច្ចការអភិរក្សនៅក្នុងតំបន់នេះ
- ស្វែងយល់ពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី
- ចុះពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្តែងពីបម្រែបម្រួលប្រភេទឧបករណ៍នេសាទ និងធនធានធម្មជាតិ៕










