Thursday, April 23, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ស្ថាប័ន ខេត្តពោធិ៍សាត់​

​នា​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​តំណាង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីធ្លី តាម​បណ្តា​ឃុំ ស្រុក ពាក់ព័ន្ធ​នឹង​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​ឧ​ត្ត​ម សុខ គាង រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ខេត្តពោធិ៍សាត់ នា​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន សមាជិក​ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន និង​អង្គភាព​ថ្នាក់ក្រោម​ជាតិ នៃ​ខេត្តពោធិ៍សាត់​។​
​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ​ដើម្បី​៖
១. ពិនិត្យ វាយតម្លៃ បូកសរុប​លទ្ធផល​ការងារ​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​នៃ​តំបន់​បឹង​ទន្លេសាប ដើម្បី​ប្រើប្រាស់​ជា​មូលដ្ឋាន​ដល់​ការងារ​រៀបចំ​ទិន្នន័យ​សក្តានុពល​សម្រាប់​កសាង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់ឃុំ​សង្កាត់ នៃ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ក្នុងនោះ​ផ្តោត​សំខាន់​លើ (i) ស្ថានភាព​បង្គោលព្រំ​តំបន់​៣ (ii)​ស្ថានភាព​កាន់កាប់​ដីធ្លី​តំបន់​៣ (iii) ផែនការអភិវឌ្ឍន៍​ផ្អែកលើ​ទិន្នន័យ និង (iv) ការចុះបញ្ជី​ដីធ្លី​របស់​រដ្ឋ នៃ​ស្ថាប័ន​ពាក់ព័ន្ធ​
២. ពិនិត្យ​លើ​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​រៀបចំ​ទិន្នន័យ​សក្តានុពល​សម្រាប់​កសាង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់ឃុំ សង្កាត់ នៃ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍