នាថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្ស នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារលើតំបន់អភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងដំណើរបេសកកម្មនេះក្រុមការងារបានធ្វើការ៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរដែនដីឃុំកំពង់លួង(ឃុំពាក់ព័ន្ធ)
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយកំលាំងកងរាជអាវុធហត្ថ ដែលប្រចាំការនៅស្នាក់ការកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
- ជួបសម្ភាសន៍ និងប្រមូលព័ត៌មានជាមួយប្រជានេសាទ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលកំពង់ប្រាក់ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ គោលបំណងសំខាន់ៗគឺដើម្បី៖ - ស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ ដែលជះឥទ្ធិពលដល់តំបន់អភិរក្សកំពង់ប្រាក់ និងការទាញផលប្រយោជន៍ដែលពាក់ព័ន្ធជាមួយតំបន់នេះ
- ស្វែងយល់ពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី
- ចុះពិនិត្យ និងវាយតម្លៃលើទីតាំងពាក់ព័ន្ធជាក់ស្តែងពីបម្រែបម្រួលបទល្មើស និងធនធានធម្មជាតិខាងលើ។











