នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ឡូញ ណារិន្ន ប្រធានការិយាល័យ និងក្រុមការងារបច្ចេកទេស ការិយាល័យកសិកម្មចម្រុះ នៃនាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សកម្មភាព នៃការចុះសិក្សាស្រាវជ្រាវ:
- ជួបជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំទិន្នន័យស្ថិតិប្រជាពលរដ្ឋ ការប្រើប្រាស់ដីធ្លី និងឯកសារពាក់ព័ន្ធផ្សេងៗ
- ចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងប្រៀបធៀបជាមួយរូបភាពទទួលបានពីផ្កាយរណប ទៅលើកម្រិតនៃភាពត្រឹមត្រូវ និងភាពលំអៀងពីការប្រែប្រួលលើការប្រើប្រាស់ដី
- ថតដ្រូន ដើម្បីយករូបភាពមកប្រៀបធៀបជាមួយរូបភាពផ្កាយរណបបន្ថែម
- ប្រើប្រាស់កម្មវិធី Avenza mobile app ដើម្បីដំណើរការ នៃការចុះសិក្សាស្រាវជ្រាវ (ស្វែងរកទីតាំង ផ្លូវធ្វើដំណើរ និងពិនិត្យបឋមពីការប្រែប្រួលផ្ទៃដី)
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ដំណើរនៃការចុះសិក្សាស្រាជ្រាវនេះ គឺមានគោលបំណង៖ - សិក្សាស្រាវជ្រាវ និងវិភាគ អំពីបម្រែបម្រួលផ្ទៃដីកសិកម្ម តំបន់ ១ តំបន់ ២ និងតំបន់ ៣ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
- ចុះសិក្សា តាមដាន និងផ្ទៀងផ្ទាត់ លើព័ត៌មាន-ទិន្នន័យ ដែលប្រមូលបាន
- ធ្វើបច្ចុប្បន្នភាព ទៅលើទិន្នន័យដែលប្រមូលបាន
- បង្កើតជាផែនទីគម្របដីកសិកម្ម ក្នុងតំបន់ ១ តំបន់ ២ និងតំបន់ ៣ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
- ចងក្រងជារបាយការណ៍តាមដានការអនុវត្តសកម្មភាពត្រីមាស-ឆមាស-ប្រចាំឆ្នាំ និងរបាយការណ៍បច្ចេកទេស៕











