Thursday, April 23, 2026

លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប ស្ថិតនៅ​ស្ទឹង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​

​នា​ថ្ងៃ​ចន្ទ ១៣​រោច ខែជេស្ឋ ដល់​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប ស្ថិតនៅ​អាង​ស្ទឹង​ពោធិ៍សាត់ ក្នុងភូមិ​សាស្ត្រ​ស្រុក​កណ្តៀង ក្រុង​ពោធិ៍សាត់ និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​
​ការចុះ​សិក្សា​នេះ​ក្រុមការងារ​បាន​៖
១. ជួប​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តពោធិ៍សាត់ ដើម្បី​សហការ​ស្នើសុំ​ព័ត៌មាន ទិន្នន័យ ទីតាំង​ទាញយក​ធនធាន​រ៉ែ និង​ការប្រកប​អាជីវកម្ម​ធនធាន​រ៉ែ​ក្នុង​អាង​ស្ទឹង​ពោធិ៍សាត់​
២. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​ម្ចាស់​បូម​ខ្សាច់ នៅតាម​ទីតាំង​ចុះ​សិក្សា ដើម្បី​ទទួលបាន​ព័ត៌មាន ទិន្នន័យ​ទូទៅ ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ និង​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​នៅតាម​ទីតាំង​សិក្សា​
៣. ចុះ​ពិនិត្យ​ជាក់ស្តែង និង​វាយតម្លៃ​ពី​ទំហំ​-​បរិមាណ​ពី​ការទាញយក​ធនធាន​រ៉ែ និង​វាយតម្លៃ​លើ​ស្ថានភាព​ផលប៉ះពាល់​ការបាក់​ច្រាំង​ស្ទឹង និង​ការប្រែប្រួល​រូបរាង​ស្ទឹង​
៤. ប្រើប្រាស់​ដ្រូ​ន​ជា​ជំនួយ​ថតរូប​ពីលើ​អាកាស​បន្ថែម​លើ​ទីតាំង​ចុះ​សិក្សា​ជាក់ស្តែង​។​
​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​រ៉ែ និង​ផលប៉ះពាល់​ពី​ការទាញយក​ធនធាន​រ៉ែ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖

  • សិក្សា​វាយតម្លៃ​ផលប៉ះពាល់​ពី​ការទាញយក និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​
  • សិក្សា​វាយតម្លៃ​លើ​ភាពប្រែប្រួល​រូបរាង​ស្ទឹង និង​តំបន់​ពាក់ព័ន្ធ និង​
  • រៀបចំ​ផែនទី​ទីតាំង​សក្តានុពល​ធនធាន​រ៉ែ និង​ការទាញយក​ធនធាន​រ៉ែ នៅតាម​អាង​ស្ទឹង​ក្នុង​តំបន់​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍