Thursday, April 23, 2026

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ចូលរួម​ស​ន្និសិទ​ពិភពលោក​លើក​ទី ៤១ សហគមន៍​អន្តរជាតិ​សម្រាប់​វិស្វកម្ម និង​ការស្រាវជ្រាវ​អំពី​ទឹក និង​បរិស្ថាន នៅ​ប្រទេស​សិង្ហ​បុរី​

​តប​តាម​ការអញ្ជើញ​របស់​ស​ហគ​មន៍​អន្តរជាតិ​សម្រាប់​វិស្វកម្ម​ទឹក និង​បរិស្ថាន International Association for Hydro-Environment Engineering and Research (IAHR) និង​ទទួល​ការឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​កិច្ចសហប្រតិបត្តិការ ធនាគារពិភពលោក ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អចិន្ត្រៃយ៍​អាជ្ញាធរ​ទន្លេសាប ត្រូវ​បានទទួល​ការចាត់តាំង និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អម​ជាមួយនឹង លោក​បណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការ​ផ្ទាល់​របស់​ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍ បាន​អញ្ជើញ​ទៅ​ចូលរួម​ស​ន្និសិទ​ពិភពលោក​លើក​ទី ៤១ នៃ​សហគមន៍​អន្តរជាតិ​សម្រាប់​វិស្វកម្ម និង​ការស្រាវជ្រាវ​អំពី​ទឹក និង​បរិស្ថាន ស្ថិតក្រោម​ប្រធានបទ “​នវានុវត្តន៍​នៃ​វិស្វកម្ម​ទឹក​សម្រាប់​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​” នៅ​ប្រទេស​សិង្ហ​បុរី ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃ​២៧ ខែមិថុនា ឆ្នាំ​២០២៥​។
​គោលបំណង​សំខាន់​នៃ​ស​ន្និសិទ​ពិភពលោក​លើក​ទី ៤១ នេះ គឺ​សំដៅ​លើកកម្ពស់​ការសន្ទនា​អន្តរ​វិស័យ ផ្លាស់ប្តូរ​ចំណេះដឹង​ឈានមុខ និង​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ចំពោះ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​បញ្ហា​ប្រឈម​សាកល​ពាក់ព័ន្ធ​នឹង​វិស័យ​ទឹក ដើម្បី​ចូលរួមចំណែក​ដល់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព Sustainable Development Goals (SDGs) ទាំង​បរិស្ថាន​ក្នុង​តំបន់​ជនបទ និង​តំបន់​ទីប្រជុំជន ឆ្ពោះទៅកាន់​ការកសាង​សង្គម​ប្រកបដោយ​ភាព​ធន់ សម្រាប់​ធានា​សុខុមាលភាព​មនុស្ស​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​
​សូម​ជម្រាប​ផងដែរ​ថា អាជ្ញាធរ​ទន្លេសាប ត្រូវ​បានទទួល​ឱ្យចូល​ជា​សមាជិក​សំខាន់​មួយ​របស់​សហគមន៍​អន្តរជាតិ​សម្រាប់​វិស្វកម្ម​ទឹក និង​បរិស្ថាន International Association for Hydro-Environment Engineering and Research (IAHR) នៅក្នុង​ឆ្នាំ ២០២៥​។ នាឱកាស​អញ្ជើញ​ចូលរួម​ស​ន្និសិទ​ពិភពលោក​លើក​ទី​៤១ នេះ ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​អាជ្ញាធរ​ទន្លេសាប ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ហ្វី​លី​ប ហ្គូ​បេ​ស្វី​ល (Prof. Dr. Philippe Gourbesville) នាយក​សហគមន៍​អន្តរជាតិ​សម្រាប់​វិស្វកម្ម​ទឹក និង​បរិស្ថាន (IAHR) និង​ជា​សហប្រធាន​នៃ​ស​ន្និសិទ​ពិភពលោក​លើក​ទី ៤១ ដើម្បី​ពិភាក្សា អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ទន្លេសាប និង​សហគមន៍​អន្តរជាតិ​សម្រាប់​វិស្វកម្ម និង​ការស្រាវជ្រាវ អំពី​ទឹក និង​បរិស្ថាន​, ការផ្លាស់ប្តូរ​ចំណេះដឹង និង​បច្ចេកទេស​, និង​ការគាំទ្រ​នានា​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​វិស្វកម្ម និង​ការស្រាវជ្រាវ អំពី​ទឹក និង​បរិស្ថាន​មកដល់​អាជ្ញាធរ​ទន្លេសាប ក៏ដូចជា​ការគ្រប់គ្រង និង​ថែរក្សា​បឹង​ទន្លេសាប​ផងដែរ​៕

ព័ត៌មាន និងព្រឹត្តិការណ៍