នៅថ្ងៃអង្គារ ៦កើត ដល់នៅថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីការគ្រប់គ្រងកាកសំណល់នៅក្នុងភូមិបណ្តែតទឹក និងផលប៉ះពាល់ក្នុងតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតក្នុងភូមិបណ្តែតទឹក ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយអាជ្ញាធរមូលដ្ឋានស្រុក សហគមន៍ និងប្រជាពលរដ្ឋ ដើម្បីប្រមូលព័ត៌មាន-ទិន្នន័យ ផ្តល់ជាមតិយោបល់ អនុសាសន៍ និងបញ្ហាប្រឈមផ្សេងៗក្នុងតំបន់សិក្សាលើការគ្រប់គ្រងកាកសំណល់នៅក្នុងភូមិបណ្តែតទឹក និងផលប៉ះពាល់ក្នុងតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតក្នុងភូមិបណ្តែតទឹក។
សូមជម្រាបជូនថា៖ សកម្មភាពការសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីការគ្រប់គ្រងកាកសំណល់នៅក្នុងភូមិបណ្តែតទឹក និងផលប៉ះពាល់ក្នុងតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតក្នុងភូមិបណ្តែតទឹកគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះមានគោលបំណង៖ ១. វាយតម្លៃការគ្រប់គ្រងកាកសំណល់ (ចងក្រងឯកសារពីការចោលសំរាម និងការចាត់ចែង ប្រភេទកាកសំណាល់នៅក្នុងភូមិបណ្តែតទឹក)
២. វិភាគផលប៉ះពាល់បរិស្ថាន និងសុខភាព (វិភាគតាមដានគុណភាពទឹកកំណត់ការបំពុល និងផលប៉ះពាល់សុខភាពមនុស្សគឺជំងឺបណ្តាលពីការប្រើប្រាស់ទឹកដែលមានគុណភាពមិនល្អ)
៣. ស្វែងយល់ពីការយល់ឃើញរបស់ប្រជាជន (អង្កេតចំណេះដឹង និងអាកប្បកិរិយា ពីការគ្រប់គ្រងកាកសំណល់ និងផ្តល់អនុសាសន៍ដល់អ្នកភូមិបណ្តែតទឹកអោយយល់ដឹងពីការគ្រប់គ្រងកាកសំណល់ដោយប្រសិទ្ធភាព)
៤. ដើម្បីត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនូវការគ្រប់គ្រងកាកសំណល់ និងប្រសិទ្ធភាពក្រោយពីឯកភាពនៃភាគីសិក្សាលើការគ្រប់គ្រងកាកសំណល់នៅភូមិបណ្តែតទឹក៕








