Friday, April 24, 2026

កិច្ចពិភាក្សា អំពី​សន្តិសុខ​ទឹក និង​ភាព​ធន់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

​នា​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​ថ្ងៃទី​២៤ ខែ មិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អចិន្ត្រៃយ៍​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​នឹង​លោក​បណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការ​ផ្ទាល់​របស់​ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចពិភាក្សា​នៅ​ប្រទេស​សិង្ហ​បុរី ស្តីពី​សន្តិសុខ​ទឹក និង​ភាព​ធន់​ក្នុង​វិស័យ​ធនធានទឹក ជាមួយនឹង​ធនាគារពិភពលោក (World Bank) មជ្ឈមណ្ឌល​ទឹក​នៃ​សិង្ហ​បុរី (Singapore Water Centers) និង​តំណាង​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អា​សុ​ី​ប៉ាស៊ីហ្វិក​។
​កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ ការចែករំលែក​អំពី​បទ​ពិសោធន៍ និង​កត្តា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ទឹក តម្រូវការ​គាំទ្រ​ជំនួយ​បច្ចេកទេស​លើ​ការគ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការធានា​សន្តិសុខ​ទឹក​។​
​សូមជម្រាបថា ក្នុងឱកាស​នេះដែរ ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​អាជ្ញាធរ​ទន្លេសាប ក៏បាន​ចូលរួម​គំនិត និង​លើកឡើង​ពី​បញ្ហា និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សន្តិសុខ​ទឹក និង​ភាព​ធន់​សម្រាប់​ប្រទេស​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​បាន​ចាត់ទុកជា​បញ្ហា​អាទិភាព និង​បានកំណត់​នៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​។ ជាមួយនេះ ឯកឧត្តម ក៏បាន​ផ្សារភ្ជាប់​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ​ទឹក​ក្នុង​អាង​ទន្លេសាប និង​តម្រូវ​ការគាំទ្រ​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ធនាគារពិភពលោក និង​មជ្ឍមណ្ឌល​ទឹក​នៃ​សិង្ហ​បុរី​ផងដែរ​៕

ព័ត៌មាន និងព្រឹត្តិការណ៍