នាថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប និងជាសមាជិកគម្រោង ការតាមដានភាពសម្បូរបែប និងប្រភេទត្រីរបស់អ្នកនេសាទនៅខេត្តជុំវិញបឹងទន្លេសាប បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ផ្ទាំងបង្ហាញ (Dashboard) ការតាមដានភាពសម្បូរត្រី និងភាពចម្រុះប្រភេទត្រី របស់គណៈកម្មការទន្លេមេគង្គ ថ្នាក់តំបន់នៅទីក្រុងហូជីមិញ, ប្រទេសវៀតណាម។ គោលបំណងនៃសិក្ខាសាលា៖
- ដើម្បីបង្ហាញ និងធ្វើបច្ចុប្បន្នភាពផ្ទាំងគ្រប់គ្រងការតាមដានភាពសម្បូរនៃត្រី (FADM Dashboard) ដែលបង្ហាញពីរចនាសម្ព័ន្ធ ការបំពេញមុខងារ និងសមត្ថភាពមើលឃើញនៃផ្ទាំងគ្រប់គ្រងត្រី ការតាមដានភាពសម្បូរត្រី និងភាពចម្រុះប្រភេទត្រី
- ដើម្បីប្រមូលមតិកែលម្អ និងមតិយោបល់ពីប្រទេសជាសមាជិក ដើម្បីជូនដំណឹងដល់ការកែលម្អ និងការអភិវឌ្ឍបន្ថែមទៀតនៃផ្ទាំងគ្រប់គ្រង (FADM Dashboard)
- ដើម្បីសម្រួលដល់ការពិភាក្សាអំពីជំហានបន្ទាប់ដែលអាចកើតមាន រួមទាំងការស្វែងយល់ពីការធ្វើសមាហរណកម្មជាមួយផ្ទាំងគ្រប់គ្រងបណ្តាញត្រួតពិនិត្យទន្លេស្នូល (CRMN) និងការប្រើប្រាស់ដែលអាចកើតមាននៅមជ្ឈមណ្ឌលអប់រំ និងទស្សនា (EVC) របស់គណៈកម្មការទន្លេមេគង្គ (MRC)។
សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់តំបន់នេះ ដឹកនាំសម្របសម្រួលដោយតំណាងគណៈកម្មាធិការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិកមេគង្គរួមមាន ប្រទេសកម្ពុជាវៀតណាម ឡាវ និងថៃ និងក្រុមការងារលេខាធិការដ្ឋាន MRC សរុប ២២ រូប(ស្រី ៥រូប)៕












