នាថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តចុះប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។ វគ្គផ្សព្វផ្សាយនេះ បានអញ្ជើញចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងលោក លោកស្រី ជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ យុវជនឃុំ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំល្វែងឬស្សី និងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
សូមជម្រាបជូនថា វគ្គផ្សព្វផ្សាយនេះមានគោលបំណងផ្ដោតសំខាន់ មាន ២ ចំណុច៖
ទី១. បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក
ទី២. សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាបប្រកបដោយនិរន្តរភាព៕












