ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ក្រោមកិច្ចសហការជាមួយ ធនាគារពិភពលោក (World Bank – WB), International Central for Environment Management (ICEM), ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី (DFAT) និង Australian Water Partnership (AWP) បានរៀបចំកិច្ចប្រជុំពិភាក្សាតុមូល ស្តីពីការវាយតម្លៃសន្តិសុខទឹកក្នុងអាងទន្លេសាប នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម(ក្បាលថ្នល់)។
សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សាតុមូលខាងលើ មានសមាសភាពអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធសរុបចំនួន ៧៥រូប ដោយផ្តោតសំខាន់លើការប្រមូលធាតុចូលសំខាន់ៗពីក្រសួងស្ថាប័នថ្នាក់ជាតិពាក់ព័ន្ធ ដើម្បីកំណត់បញ្ហា សំណូមពរ ដំណោះស្រាយ និងឯកភាពគ្នាលើសូចនាករ គោលដៅគម្រោង វិសាលភាព ពេលវេលា តួនាទី ទំនួលខុសត្រូវ និងហានិភ័យដែលអាចកើតមានឡើងធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានការយល់ដឹងរួមគ្នាមុននឹងឈានទៅមុខជាមួយនឹងការអនុវត្តគម្រោងរួមគ្នា៕

























