នារសៀលថ្ងៃចន្ទ ១៣ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីអាជ្ញាធរទន្លេសាប ចូលរួមកិច្ចប្រជុំ ស្តីពីប្រជុំពិនិត្យផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី តាម បណ្តាឃុំ ស្រុក ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។ កិច្ចប្រជុំមានគោលដៅអភិរក្សបឹងទន្លេសាប និងទស្សនៈវិស័យលេីការអភិវឌ្ឍតំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលេីចំណុចមួយចំនួន ដូចខាងក្រោម៖
១. ពិនិត្យលទ្ធផលការចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការចូលរួមពីអាជ្ញាធរទន្លេសាប និងអន្តរក្រសួង-ស្ថាប័នជំនាញទាំងកម្រិតថ្នាក់ជាតិ-ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានពាក់ព័ន្ធនៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ កណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់
២. វិភាគទិន្នន័យ ព័ត៌មានដែលទទួលបាន នឹងរៀបចំជាលក្ខខណ្ឌប្រើប្រាស់ដីនៅតំបន់២ និងតំបន់៣ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរក្សាប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប
៣. កំណត់លក្ខខណ្ឌលើយុទ្ធសាស្ត្រប្រើប្រាស់ដីសម្រាប់ជាទស្សនវិស័យរយៈពេលមធ្យម និងរយៈពេលវែង។
សូមជម្រាបជូនថា ក្នុងអង្គប្រជុំក៏បានផ្តោតសំខាន់ រួមគ្នាក្នុងការ ការពារបរិស្ថាន ធនធានធម្មជាតិ ជីវចម្រុះ ធនធានទឹក ការបំពុលទឹកនៃការបោះចោលកាកសំណល់រឹង-រាវ និងត្រូវការពារអាយុជីវិតបឹងទន្លេសាបឱ្យបានគង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយៗ ដូចគំនិតផ្តួចផ្តើមរបស់ឯកឧត្តមថ្នាក់ដឹកនាំប្តេជ្ញាធ្វើឱ្យបឹងទន្លេសាបនេះ ក្លាយជារបៀងសេដ្ឋកិច្ចចម្រុះ ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារប្រកបដោយសុវត្ថិភាពដល់ប្រជាពលរដ្ឋជុំវិញបឹងទន្លេសាប និងមនុស្សជាតិ៕












