នារសៀលថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចពិភាក្សាប្រឹក្សាយោបល់ ស្តីពីការផ្តួចផ្តើមដើម្បីចីរភាពបរិស្ថានទន្លេសាបដែលសហការរៀបចំឡើងដោយ GlobalGreen Growth Institute (GGGI) ជាមួយក្រសួងបរិស្ថាន នៅសណ្ឋាគារ Sangri La រាជធានីភ្នំពេញ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើន។ ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តមអនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានសាទរចំពោះគំនិតផ្តួចផ្តើមនេះ និងបានផ្តល់ជាអនុសាសន៍ និងទិសដៅមួយចំនួនដើម្បីជំរុញឱ្យគម្រោងដំណើរការទៅបានរលូនមានប្រសិទ្ធភាព និងចំគោលដៅ។
សូមជម្រាបជូនថា កម្មវិធីនេះផ្តោតលើគោលបំណង ៤ ជាអាទិភាព៖ គោលបំណងទី១៖ ធ្វើវុឌ្ឍកម្មគុណភាពបឹងទន្លេសាបឡើងវិញកាត់បន្ថយឱ្យបានច្រើននូវការបំពុលដោយសារសំណល់ និងប្លាស្ទិកនៅក្នុងបឹងទន្លេសាបស្ទឹងនានាដែលហូរចូលមកក្នុងបឹងទន្លេសាប តំបន់ដីសើម និងតំបន់អេកូឡូស៊ីផ្សេងទៀតដែលងាយខូចខាត គិតត្រឹមឆ្នាំ២០៤០។ គោលបំណងទី២៖ ធ្វើវុឌ្ឍកម្មអេកូឡូស៊ីបឹងទន្លេសាបឡើងវិញ កាត់បន្ថយឱ្យបានច្រើននូវវត្តមានប្រភេទរុក្ខជាតិទឹកដែលរាតត្បាតនៅក្នុងបឹងទន្លេសាប និងតំបន់ដីសើមជុំវិញគិតត្រឹមឆ្នាំ ២០៤០។ គោលបំណងទី ៣៖ ធ្វើពិពិធកម្មរបរចិញ្ចឹមជីវិតក្នុងមូលដ្ឋាន គិតត្រឹមឆ្នាំ២០៤០ បានធ្វើពិពិធកម្មរបរចិញ្ចឹមជីវិតក្នុងមូលដ្ឋាន ដើម្បីរួមបញ្ចូលការងារបៃតង និងមុខរបរ/ជំនាញ ជំនួសផ្សេងទៀត នៅក្នុងវិស័យអេកូទេសចរណ៍ បន្ថែមលើការនេសាទ។ គោលបំណងទី៤៖ ស្តារឡើងវិញនូវតំបន់ទេសភាពរេចរឹលក្នុងតំបន់ទំនាបលិចទឹក បានកែលំអគុណភាពតំបន់ទំនាបលិចទឹកដែលរេចរឹលបានដាំរុក្ខជាតិឡើងវិញ និងអនុវត្ត វិធានការអភិរក្ស ដើម្បីការពារព្រៃឈើ និងតំបន់ទំនាបលិចទឹកនៅជុំវិញ៕
















