នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និងឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងសាងសង់ការពារច្រាំងទន្លេបាសាក់ប្រវែង ៥០០ម៉ែត្របន្ថែម បន្តពីគម្រោងសាងសង់ដែលបានបញ្ចប់ជាស្ថាពរប្រវែង ១២០០ម៉ែត្រ កាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីការពារការបាក់ស្រុតច្រាំងទន្លេបាសាក់ ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាបាក់ ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
សូមជម្រាបថា ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារគម្រោងខាងលើ មានការអញ្ជើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពីបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈអភិបាលខេត្តកណ្តាល មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់៕















