ការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមគ្នា សំដៅធានាបាននូវប្រសិទ្ធភាពការងារក្នុងការជំរុញលើវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង តបតាមការស្នើសុំកិច្ចសហការរបស់ក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានចាត់តាំង ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងមន្ត្រីថ្នាក់នាយកដ្ឋានបច្ចេកទេសផែនការ និងសហប្រតិបត្តិការ អាជ្ញាធរទន្លេសាប ដើម្បីចូលរួមប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងជាក់ស្តែងគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់ ជាមួយក្រុមការងារមន្ត្រីបច្ចេកទេសក្រសួងទេសចរណ៍ ដែលដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ រួមជាមួយនឹងក្រសួងស្ថាប័ន-មន្ទីរជំនាញ អាជ្ញាធរដែនដី និងក្រុមជំនាញការដៃគូអភិវឌ្ឍន៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។
សូមជម្រាបថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់នេះ ទទួលបានការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី គឺផ្តោតសំខាន់លើការកសាងហេដ្ឋារចនាសម័ន្ធតភ្ជាប់ពីតំបន់សហគមន៍ទេសចរណ៍មួយទៅតំបន់សហគមន៍ទេសចរណ៍មួយ ស្ថិតក្នុងតំបន់បឹងទន្លេសាប ដើម្បីបង្កើនប្រសិទ្ធភាពសរសៃឈាមទេសចរណ៍ លើកកម្ពស់ជីវភាពរស់នៅសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ដោយបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូល រួមជាមួយការបង្កការងាយស្រួលការដឹកជញ្ជូនផលិតផល ការទំនាក់ទំនង និងជំរុញល្បឿនសេដ្ឋកិច្ចជាតិ តាមរយៈឧស្សាហកម្មគ្មានផ្សែង ។ ជាក់ស្តែងគម្រោងនេះ មានការប្រទាក់ក្រឡាគ្នាដោយការតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិ តំបន់វប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រដែលមាន ស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប តាមរយៈស្ទឹងសង្កែ និងបឹងទន្លេសាប ។ ជាមួយនឹងដំណើរទស្សនៈកិច្ចសិក្សានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានទទួលយកនូវគំនិតយោបល់ ដែលក្រុមការងារ បានលើកឡើងលើការគិតគូរពីការជួយរៀបចំកសាងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់បឹងទន្លេសាបផងដែរ៕















