កាលពីថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឡូញ ណារិន្ន ប្រធានការិយាល័យ និងក្រុមការងារបច្ចេកទេសការិយាល័យកសិកម្មចម្រុះ នៃនាយកដ្ឋានធនធានធម្មជាតិ របស់អាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម និងបម្រែបម្រួលរបបជលសាស្ត្រ ក្នុងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់។
សកម្មភាព នៃការចុះសិក្សាស្រាវជ្រាវ៖
- ជួបជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំទិន្នន័យស្ថិតប្រជាពលរដ្ឋ ការប្រើប្រាស់ដី កម្ពស់ទឹក ប្រព័ន្ធស្រោចស្រព និងរបាយការណ៍ពាក់ព័ន្ធផ្សេងៗ
- ចុះទៅទីតាំងបានពិនិត្យមើលតាមរយៈរូបភាពផ្កាយរណប ដើម្បីបញ្ជាក់បន្ថែមអំពីភាពត្រឹមត្រូវ នៃទីតាំង និងទំហំ
- ថតដ្រូន ដើម្បីយករូបភាពមកប្រៀបធៀបជាមួយរូបភាពផ្កាយរណប
- ប្រើប្រាស់កម្មវិធី Avenza mobile app ដើម្បីដំណើរការ នៃការចុះសិក្សាស្រាវជ្រាវ (ស្វែងរកទីតាំង ផ្លូវធ្វើដំណើរ និងពិនិត្យមើលផ្ទៃដីបឋម)។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម និងបម្រែបម្រួលរបបជលសាស្ត្រ ក្នុងតំបន់បឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប។ ក្រុមការងារចុះសិក្សា គោលបំណង៖
១. សិក្សាស្រាវជ្រាវ និងវិភាគ អំពីបម្រែបម្រួលផ្ទៃដីកសិកម្ម និងបម្រែបម្រួលរបបជលសាស្ត្រ ក្រោមផ្លូវជាតិលេខ ៥ និងលេខ ៦ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
២. ចុះសិក្សា តាមដាន និងផ្ទៀងផ្ទាត់ លើព័ត៌មាន-ទិន្នន័យ ដែលប្រមូលបាន
៣. ធ្វើបច្ចុប្បន្នភាព ទៅលើទិន្នន័យដែលប្រមូលបាន
៤. បង្កើតជាផែនទីគម្របដីកសិកម្ម ក្រោមផ្លូវជាតិលេខ ៥ និងលេខ ៦ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
៥. ចងក្រងជារបាយការណ៍តាមដានការអនុវត្តសកម្មភាពត្រីមាស-ឆមាស-ប្រចាំឆ្នាំ និងរបាយការណ៍បច្ចេកទេស៕












