Saturday, June 6, 2026

ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន បាន​អញ្ជើញ​ទទួល និង​ដឹកនាំ​គណៈប្រតិភូ​បារាំង​គណៈកម្មាធិការ​តំបន់​ខាងត្បូង​នៃ​ប្រទេស​បារាំង AUDE និង​សហការី​ក្នុង​គោលបំណង​កិច្ចសហប្រតិបត្តិការ​ផ្តល់​ជំនួយ​ឥត​ចំណង​លើ​បញ្ហា​ទឹក និង​ការ​ស្តារឡើងវិញ​ព្រៃ​លិច​ទឹក នៃ​បឹង​ទន្លេសាប ជាមួយ​អាជ្ញាធរ​ទន្លេសាប

​នា​ថ្ងៃ​ចន្ទ ១​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១-៤ ខែមិថុនា ឆ្នាំ ២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន បាន​អញ្ជើញ​ទទួល និង​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មាធិការ​តំបន់​ខាងត្បូង​នៃ​ប្រទេស​បារាំង AUDE ដឹកនាំ​ដោយ​លោក André VIOLA ទីប្រឹក្សា​ទទួលបន្ទុក​កិច្ចការ អ៉ឺ​រ៉ុ​ប និង​អន្តរជាតិ និង​លោក Nicola CIMBARO អ្នកសម្របសម្រួល​ទំនាក់ទំនង​អន្តរជាតិ ព្រមទាំង​លោក Djamel Sandid តំណាង UNDP នៃ​ប្រទេស​ស្វី​ស អមដំណើរ​បេសកកម្ម​ដោយ​អង្គការក្រៅរដ្ឋាភិបាល​បារាំង HAMAP Humanitaire ចំនួន ២ រូប គឺ​លោក Maxime DECAENS និង​លោកស្រី Elvire ALEXANDROWICZ និង​សហការី ធ្វើ​ការចុះ​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​តំណាង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ចំនួន ៣ នៅ​ជុំវិញ​បឹង​ទន្លេសាប​គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តសៀមរាប ព្រមទាំង​ធ្វើ​ការចុះពិនិត្យ និង​កំណត់​គម្រោង​សក្តានុពល​នាពេល​អនាគត​នៅក្នុង​អនុ​អាង​ទន្លេសាប​នៃ​ខេត្ត​នីមួយៗ ដោយមាន​ការចូលរួម​ពី​រដ្ឋបាលខេត្ត មន្ទីរ​ពាក់ព័ន្ធ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ស្រុក​/​ឃុំ​នៅក្នុង​ខេត្ត​ទាំង ៣ ។​
​គោលបំណង​នៃ​បេសកកម្ម​ខាងលើ​ជួបប្រជុំ​ពិភាក្សា​នេះ គឺ​ផ្តោតលើ​
១- សកម្មភាព​កិច្ចការងា​រ​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នៃ​បឹង​ទន្លេសាប​
២- ការយល់ដឹង និង​ការគ្រប់គ្រង​ធនធានទឹក​ទាំង​ផ្នែក​បរិមាណ ទាំង​ផ្នែក​គុណភាព​នៅតាម​អាង​ស្ទឹងធំៗ​នៃ​ខេត្ត​ទាំង ៣ ព្រមទាំង​ការស្វែងយល់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងការ​បែងចែក​ទឹក​នៃ​ប្រព័ន្ធធារាសាស្ត្រ​នៅលើ​ស្ទឹង​
៣- ការពង្រឹង​សមត្ថភាព​សហគមន៍​ក្នុងការ​គ្រប់គ្រង​ធនធានទឹក ក៏ដូចជា​ការការពារ និង​គ្រប់គ្រង​ព្រៃ​លិច​ទឹក​ក្រោយពី​បេសកកម្ម​នេះ គណៈប្រតិភូ នឹងមាន​គម្រោង​កំណត់​កិច្ចសហការ​វិមជ្ឈការ នៃ​អនុ​អាង​ទន្លេសាប​ដែលមាន​សក្តានុពល​ជាមួយនឹង​ការគាំទ្រ​ពី​គណៈកម្មាធិការ​តំបន់​ខាងត្បូង​ប្រទេស​បារាំង Aude នៅពេល​ខ្លី​ខាងមុខ​៕

ព័ត៌មាន និងព្រឹត្តិការណ៍