នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ក្រោមអធិបតីភាពឯកឧត្តម ចាន់ តារា ឣនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ត្រីជំនាញពីក្រសួងស្ថាប័នពាក់ព័ន្ធមានដូចជា៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរវត្ថុ ទីស្ត្រីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម រួមទាំងនាយកដ្ឋានជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបផងដែរ។
គោលបំណងនៃកិច្ចប្រជុំ៖
- ពិភាក្សាប្រមូលធាតុចូលសម្រាប់ការងាររៀបចំរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីទទួលបានភាពពេញលេញគ្របដណ្តប់គ្រប់ជ្រុងជ្រោយ
- សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក គឺឈរលើមូលដ្ឋានច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលបានអនុម័តនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងមក។
- បទបង្ហាញខ្លឹមសារសង្ខេប នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។
អង្គប្រជុំបានពិភាក្សា និងការចូលរួមមតិយោបល់ ការផ្លាស់ប្តូរព័ត៌មាន ដែលធាតុចូលល្អៗជាច្រើន លើខ្លឹមសារសំខាន់ៗ តាមជំពូក ផ្នែក និងមាត្រានីមួយៗ ដែលអនុក្រឹត្យ បានកំណត់អំពីការរៀបចំ ការអភិវឌ្ឍ និងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីទ្រទ្រង់ដល់ការធ្វើនាវាចរណ៍ ការដឹកជញ្ជូន និងកំពង់ផែ។
ឯកឧត្តមអគ្គលេខាធិការរង ក៏បានស្នើសុំ ឯកឧត្តមប្រធានអង្គប្រជុំ សូមក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាផ្ទាល់ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នឹងក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ដោយឈរលើយន្តការរួមគ្នា ក្នុងការពិភាក្សាដែលទាក់ទងទៅនឹងច្បាប់ ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជារួម ឯកឧត្តមប្រធានអង្គប្រជុំក៏បានឯកភាពថានឹងរៀបចំឱ្យមានកិច្ចប្រជុំចង្អៀតទៅតាមក្រសួងស្ថាប័នជំនាញនីមួយៗបន្ថែមទៀត៕








