នាថ្ងៃចន្ទ ១រោច ដល់ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១-៤ ខែមិថុនា ឆ្នាំ ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន បានអញ្ជើញទទួល និងដឹកនាំគណៈប្រតិភូគណៈកម្មាធិការតំបន់ខាងត្បូងនៃប្រទេសបារាំង AUDE ដឹកនាំដោយលោក André VIOLA ទីប្រឹក្សាទទួលបន្ទុកកិច្ចការ អ៉ឺរ៉ុប និងអន្តរជាតិ និងលោក Nicola CIMBARO អ្នកសម្របសម្រួលទំនាក់ទំនងអន្តរជាតិ ព្រមទាំងលោក Djamel Sandid តំណាង UNDP នៃប្រទេសស្វីស អមដំណើរបេសកកម្មដោយអង្គការក្រៅរដ្ឋាភិបាលបារាំង HAMAP Humanitaire ចំនួន ២ រូប គឺលោក Maxime DECAENS និងលោកស្រី Elvire ALEXANDROWICZ និងសហការី ធ្វើការចុះជួបប្រជុំពិភាក្សាការងារជាមួយតំណាងអភិបាល នៃគណៈអភិបាលខេត្តចំនួន ៣ នៅជុំវិញបឹងទន្លេសាបគឺខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ព្រមទាំងធ្វើការចុះពិនិត្យ និងកំណត់គម្រោងសក្តានុពលនាពេលអនាគតនៅក្នុងអនុអាងទន្លេសាបនៃខេត្តនីមួយៗ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធខេត្ត អាជ្ញាធរមូលដ្ឋានស្រុក/ឃុំនៅក្នុងខេត្តទាំង ៣ ។
គោលបំណងនៃបេសកកម្មខាងលើជួបប្រជុំពិភាក្សានេះ គឺផ្តោតលើ
១- សកម្មភាពកិច្ចការងារការដាំស្តារព្រៃលិចទឹកនៅតំបន់៣ នៃបឹងទន្លេសាប
២- ការយល់ដឹង និងការគ្រប់គ្រងធនធានទឹកទាំងផ្នែកបរិមាណ ទាំងផ្នែកគុណភាពនៅតាមអាងស្ទឹងធំៗនៃខេត្តទាំង ៣ ព្រមទាំងការស្វែងយល់ហេដ្ឋារចនាសម្ព័ន្ធក្នុងការបែងចែកទឹកនៃប្រព័ន្ធធារាសាស្ត្រនៅលើស្ទឹង
៣- ការពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានទឹក ក៏ដូចជាការការពារ និងគ្រប់គ្រងព្រៃលិចទឹកក្រោយពីបេសកកម្មនេះ គណៈប្រតិភូ នឹងមានគម្រោងកំណត់កិច្ចសហការវិមជ្ឈការ នៃអនុអាងទន្លេសាបដែលមានសក្តានុពលជាមួយនឹងការគាំទ្រពីគណៈកម្មាធិការតំបន់ខាងត្បូងប្រទេសបារាំង Aude នៅពេលខ្លីខាងមុខ៕


















