នាថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារហៃយ៉ាត រីជិនស៊ីភ្នំពេញ (Hyatt Regency, Phnom Penh) ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប រួមជាមួយ លោកជំទាវ Bridget Collier ឯកអគ្គរដ្ឋទូតរង នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងផ្នែកទឹក ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ចុងក្រោយ ស្តីពីការវាយតម្លៃសន្តិសុខទឹកអាងទន្លេសាប World Bank (WB), Australian Water Partnership (AWP) ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៦។
សូមជម្រាបជូនថា សិក្ខាសាលាខាងលើ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីអាជ្ញាធរទន្លេសាប ក្រសួង-ស្ថាប័នពាក់ពន្ធ័ ខេត្តជុំវិញបឹងទន្លេសាប អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លេីការងារដែលត្រូវបានបង្កើតឡើងជាសេចក្តីព្រាង រួមមាន៖
(i)-របាយការណ៍ស្ថានភាពអាងទន្លេសាប (SOTB)
(ii)-របាយការណ៍ ស្តីពីការវាយតម្លៃសន្និសុខទឹកទន្លេសាប (WSA)
(iii)-សេចក្តីសង្ខេបគោលនយោបាយស្តីពីវិស័យសំខាន់ៗ។
របាយការណ៍ទាំងនេះបង្ហាញអំពីការសំយោគទិន្នន័យ ការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ការវាយតម្លៃបញ្ហាប្រឈមសន្តិសុខទឹក ការកំណត់ចំណុចក្តៅអាទិភាព និងការលើកជាអនុសាសន៍ យុទ្ធសាស្ត្រសម្រាប់ពង្រឹងការគ្រប់គ្រងអាងបឹងចំរុះ។
សិក្ខាសាលានេះមានគោលបំណងបង្ហាញពីលទ្ធផលស្រាវជ្រាវនៃរបាយការណ៍ SOTB និងWSA ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យវិទ្យាសាស្ត្រ ព័ត៌មាន និងសេចក្តីសន្និដ្ឋាន នៃការវិភាគតាមរយៈការផ្តល់មតិ ការពិភាក្សារបស់ភាគីពាក់ព័ន្ធ បង្កេីនការយល់ដឹង និងភាពជាម្ចាស់រួមគ្នារវាងភាគីទាំងអស់ ដេីម្បីកំណត់សកម្មភាពអាទិភាពសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំខាន់ៗ បង្កេីតបានជាផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រគោលនយោបាយ ដេីម្បីកំណត់ជំហានបន្ទាប់ ឈានទៅធ្វេីការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ការវិនិយោគ និងការសម្របសម្រួលក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុងអាងទន្លេសាប ព្រមទាំងប្រមូលផ្ដុំភាគីពាក់ព័ន្ធ ឱ្យមានការឯកភាពគ្នាកំណត់គោលដៅគម្រោង វិសាលភាព ពេលវេលា តួនាទី ទំនួលខុសត្រូវ និងហានិភ័យដែលអាចកើតមានឡើងធ្វើយ៉ាងណាឱ្យមានការយល់ដឹងរួមគ្នាមុននឹងឈានទៅមុខជាមួយនឹងការអនុវត្តគម្រោងរួម៕
















































