អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ជួបប្រជុំពិភាក្សា ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ នៃលទ្ធផលចុះត្រួតពិនិត្យ វាយតម្លៃការប្រើប្រាស់ដីអាស្រ័យផល និងដីទន្ទ្រានក្នុងតំបន់៣ នៅសាលាស្រុកជលគីរីដែលមានការចូលរួមពីលោក ដូវ គឹមស៊ីន អភិបាលស្រុក, លោក មុត ម៉េង អភិបាលរង នៃគណ:អភិបាលស្រុកជលគិរី មន្ត្រីអង្គភាពជំនាញពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិឃុំពាមឆ្កោក។ បន្ទាប់ពីបានឯកភាពគ្នានិងចប់កិច្ចប្រជុំ ឯកឧត្តម អគ្គលេខាធិការ បានបន្តដឹកនាំ ក្រុមការងារមន្ត្រីបច្ចេកទេស ចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងបង្គោលកំណត់ព្រំតំបន់៣ ផ្ទៃដីរងការទន្ទ្រាន និងទីតាំងសម្រាប់ការដាំស្ដារព្រៃលិចទឹកឡើងវិញ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ជូនដែរថា ស្រុកជលគិរី មានផ្ទៃដីប្រេីប្រាស់ដែលកំណត់រួមមាន ៖
- តំបន់១ ចំនួន: ១,៥៩៧.៤៩ ហិកតា
- តំបន់២ ចំនួន: ២៧,២៨៩.៤១ ហិកតា
- តំបន់៣ ចំនួន: ៤,១៧៦.២៤ ហិកតា
និងមានបង្គោលកំណត់ព្រំតំបន់៣ចំនួន: ៣៤បង្គោល៕



















