Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី​អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អន្តរក្រសួង​ដើម្បី​កសាង​យុទ្ធសាស្ត្រ​ពង្រឹង​និរន្តរភាព​សហគមន៍​តំបន់​អភិរក្ស​បឹង​ពារាំង​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក​ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អន្តរក្រសួង​ដើម្បី​កសាង​យុទ្ធសាស្ត្រ​ពង្រឹង​និរន្តរភាព​សហគមន៍​តំបន់​អភិរក្ស​បឹង​ពារាំង​។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អស់លោក​ជា​តំណាង​មកពី​ក្រសួងទេសចរណ៍​, ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, អង្គភាព​ប្រឆាំង​អំពើពុករលួយ​, រដ្ឋបាល​ជលផល​, អភិបាលរង​ខេត្តសៀមរាប និង​មន្ត្រី​របស់​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប​។
​កិច្ចប្រជុំ​ពិភាក្សា​នេះ ក្នុង​គោលបំណង​ពិភាក្សា​ពិគ្រោះ​យោបល់​ដើម្បី ១. ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង ២. ការរៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​វៃឆ្លាត​ក្នុងការ​ពង្រឹង​និរន្តរភាព​យន្តការ​ដំណើរការ​ការងារ​សហ​គម​ន៍​តំបន់​អភិរក្ស​ជីវៈចម្រុះ​បឹង​ពារាំង​ក្នុង​ស្មារតី​ចូលរួម​គាំទ្រ និង​លើកកម្ពស់​ប្រសិទ្ធភាព​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង និង​ការពារ​ថែរក្សា​ធនធានធម្មជាតិ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។
​សូមបញ្ជាក់​ជូន​ថា តំបន់​អភិរក្ស​ជីវៈចម្រុះ​បឹង​ពារាំង​ជា​ផ្នែក​មួយ​នៃ​បឹង​ទន្លេសាប ហើយ​អាច​ចាត់ទុកជា​តំបន់ដីសើម​ដែល​ធំ​មួយ ផ្ទៃ​បឹង​ពារាំង​មាន​ទំហំ​ប្រមាណ​ជា ២៥០​ហិកតា និង​ផ្ទៃ​ដីព្រៃ​លិច​ទឹក ប្រមាណ​ជា​២ ៦០៧​ហិកតា ដែលមាន​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​សក្តានុពល និង​សម្បូរ​ទៅដោយ​ជីវៈចម្រុះ ប្រភេទ​ព្រៃ​លិច​ទឹក ពពួកសត្វ​ស្លាប​រួមទាំង​ប្រភេទ​ត្រី​មេ​ពូជ​ជាច្រើន​ប្រភេទ ដែល​បាននិងកំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្សាន្ត​ផងដែរ​។ គួរ​រំលឹក​ផងដែរ​ថា តំបន់​អភិរក្ស​ជីវៈចម្រុះ​បឹង​ពារាំង​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ក្រោម​ក្រសួងមហាផ្ទៃ ដោយ​ប្រកា​សលេខ ៦៤២៨ ប្រក ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ ដែលមាន​ឈ្មោះ​ដើម​ថា សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង​៕

ព័ត៌មាន និងព្រឹត្តិការណ៍