នាថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេជ្ឋា ប្រធានអាជ្ញាធរទន្លេសាប លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានចូលរួមសិក្ខាសាលាស្តីពីបណ្ណសារ និងការចងចាំជាតិ “ឆ្ពោះទៅខួប ១០០ឆ្នាំ នៃបណ្ណសារជាតិកម្ពុជា” បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) សហការជាមួយអគ្គនាយកដ្ឋានរាជកិច្ច និងបណ្ណសារជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។
សិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏មានសារៈសំខាន់របស់បណ្ណសារដ្ឋានជាតិ ក្នុងការអភិរក្ស និងគ្រប់គ្រងឯកសារជាតិ ដែលជាសម្បត្តិបេតិកភណ្ឌជាតិមានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន និងជាឯកសារសម្រាប់សិក្សាស្រាវជ្រាវ ផ្តល់យល់ដឹងដល់សាធារណជន និស្សិតពីប្រវត្តិសាស្ត្រ សាវតា វប្បធម៌ អរិយធម៌ខ្មែរ តម្លៃជាតិ ដែលចងក្រងជាឯកសារតម្កល់រក្សាទុកនៅបណ្ណសារជាតិកម្ពុជា៕











