នាថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេសការិយាល័យកសិកម្មចម្រុះ នៃនាយកដ្ឋានធនធានធម្មជាតិ របស់អាជ្ញាធរទន្លេសាប បន្តចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សកម្មភាព នៃការចុះសិក្សាស្រាវជ្រាវ៖
- ជួបជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំព័ត៌មាន-ទិន្នន័យទូទៅទាក់ទងជាមួយការងារកសិកម្ម និងរបាយការណ៍ពាក់ព័ន្ធផ្សេងៗ
- ចុះទៅទីតាំងបានពិនិត្យមើលតាមរយៈរូបភាពផ្កាយរណប ដើម្បីបញ្ជាក់បន្ថែមអំពីភាពត្រឹមត្រូវ នៃទីតាំង និងទំហំ
- ថតដ្រូន ដើម្បីយករូបភាពមកប្រៀបធៀបជាមួយរូបភាពផ្កាយរណប
- ប្រើប្រាស់កម្មវិធី Avenza mobile app ដើម្បីដំណើរការ នៃការចុះសិក្សាស្រាវជ្រាវ (ស្វែងរកទីតាំង ផ្លូវធ្វើដំណើរ និងពិនិត្យមើលផ្ទៃដីបឋម)
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ដំណើរនៃការចុះបំពេញបេសកកម្មនេះ គឺមានគោលបំណង៖ - សិក្សាស្រាវជ្រាវ និងវិភាគ អំពីបម្រែបម្រួលផ្ទៃដីកសិកម្ម តំបន់ ១ តំបន់ ២ និងតំបន់ ៣ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
- ចុះសិក្សា តាមដាន និងផ្ទៀងផ្ទាត់ លើព័ត៌មាន-ទិន្នន័យ ដែលប្រមូលបាន
- ធ្វើបច្ចុប្បន្នភាព ទៅលើទិន្នន័យដែលប្រមូលបាន
- បង្កើតជាផែនទីគម្របដីកសិកម្ម ក្នុងតំបន់ ១ តំបន់ ២ និងតំបន់ ៣ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
- ចងក្រងជារបាយការណ៍តាមដានការអនុវត្តសកម្មភាពត្រីមាស-ឆមាស-ប្រចាំឆ្នាំ និងរបាយការណ៍បច្ចេកទេស៕












