នារសៀលថ្ងៃអង្គារ ៧រោច ដល់ថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានបន្តដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាបដែលទទួលបន្ទុកសហការរៀបចំកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់អាងបឹងទន្លេសាប នៃកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហប្រតិបត្តិការជំនួយគាំទ្រពីធនាគារពិភពលោក(WB), ICEM, DFAT AWP រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តី ពីការវិភាគសន្តិសុខទឹកនៅអាងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប តំណាងក្រុង/ស្រុក និងតំណាងមន្ទីរជំនាញពាក់ពន្ធ័ នៅសាលប្រជុំសាលាខេត្តសៀមរាប ដែលមានសមាសភាពចូលរួមចំនួន ៥១នាក់ (ស្រី ៨នាក់)។
ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ លេីលទ្ធផលនៃសេចក្តីព្រាងរបាយការណ៍ស្តីពីស្ថានភាពអាងទន្លេសាប ដែលប្រមូលបានពីមូលដ្ឋានផ្ទាល់ ធាតុចូលពីភាគីពាក់ព័ន្ធ និងការបង្ហាញជូនពីការវាយតម្លៃ និងការណែនាំកំណត់តំបន់ដែលមានបញ្ហាចម្បងៗ ស្វែងយល់ពីសក្កានុពលដែលមាននៅក្នុងសហគមន៍, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារក៏បានចុះធ្វេីការពិនិត្យស្ថានភាពទូទៅក្នុងតបន់បឹងទន្លេសាប តាមទីតាំងសហគមន៍កំពង់ភ្លុក សហគមន៍បឹងពារាំង សហគមន៍ចុងឃ្នាស សហគមន៍មេជ្រៃ និងសហគមន៍ទំនប់ស្ទឹងស្រែង។
សូមបញ្ជាក់ជូនថា ខេត្តសៀមរាប មានស្ទឹងសំខាន់ចំនួន ៣ ជាបណ្តាញលំហូរប្រភពទឹកតភ្ជាប់ចូលបឹងទន្លេសាប រួមមាន ៖
១). ស្ទឹងជីក្រែង មានប្រវែង ១៥០km
២). ស្ទឹងសៀមរាប មានប្រវែង ៩០km
៣). ស្ទឹងស្រែង មានប្រវែង ៣២៥km ៕



















