នាព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់ទន្លេសាប ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំរដ្ឋបាលខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងដើម្បីផ្សព្វផ្សាយពីទិន្នន័យព័ត៌មានដែលបានរៀបចំប្រមូលចងក្រងកន្លងមកដោយក្រុមការងារប្រតិបត្តិប្រចាំខេត្តបន្ទាយមានជ័យ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងមានការចូលរួមពីអន្តរក្រសួង-ស្ថាប័នជំនាញទាំងកម្រិតថ្នាក់ជាតិ-ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានពាក់ព័ន្ធ សរុបមានចំនួនប្រមាណ ៥១រូប។
ជារួមអង្គប្រជុំបានឯកភាពគ្នាក្នុងការ ការពារបរិស្ថាន ធនធានធម្មជាតិ បឹងទន្លេសាប លេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការប្រេីប្រាស់ដីឱ្យអស់សក្តានុពល ដេីម្បីឱ្យទទួលបានប្រាក់ចំណូល ច្រេីនជាងមុន ហេីយការពារបឹងទន្លេសាបបានដល់កូនចៅជំនាន់ក្រោយ ដូចគំនិតផ្តួចផ្តេីមរបស់ឯកឧត្តមថ្នាក់ដឹកនាំប្តេជ្ញាធ្វេីឱ្យបឹងទន្លេសាបនេះ ក្លាយជារបៀងសេដ្ឋកិច្ចចម្រុះ ដេីម្បីសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារប្រកបដោយសុវត្ថិភាព ឯករាជ្យម្ចាស់ការឈរលេីមនសិការស្រលាញ់ជាតិ មាតុភូមិ និងប្រជាជន សំដៅចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ២០៣០-២០៥០៕












