នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អញ្ជើញដឹកនាំកិច្ចប្រជុំការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដើម្បីពិនិត្យលើកិច្ចដំណើរការការងារ និងរបៀបរបបការងារដឹកនាំគ្រប់គ្រងរដ្ឋបាលរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍ថ្មីៗបន្ថែម សម្រាប់ការតម្រង់ទិសការងារកំណែទម្រង់ស្ថាប័ន ការងារទទួលខុសត្រូវនិងគ្រប់គ្រងអង្គភាព ដើម្បីឱ្យកាន់តែមានភាពល្អប្រសើរ និងសុក្រឹតភាព ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏បានណែនាំឱ្យបន្តការយកចិត្តទុកដាក់លើការពង្រឹងវិន័យ រក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងស្ថាប័ន ហើយអនុវត្តការងារប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់ និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍ដឹកនាំ ដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីអភិវឌ្ឍន៍ស្ថាប័នឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ជូនថា អាជ្ញាធរទន្លេសាប ជាស្ថាប័នជាតិមួយដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មក្នុងការសិក្សាស្រាវជ្រាវ តាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច និង ធនធានធម្មជាតិព្រមទាំងសម្របសម្រួលដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទនេ្លសាបប្រកបដោយនិរន្តរភាព និងជាស្ថាប័នសម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការគាំពារ ថែរក្សានិងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព៕












