ថ្ងៃព្រហស្បតិ៍ ៧កើត ដល់ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង តំណាងឱ្យឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារ បានដឹកនាំមន្ត្រី ក្រុមការងារបច្ចេកទេស របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះពិនិត្យទីតាំងដីដែលរងការទន្ទ្រាន នាពេល កន្លងមក និងផ្ទៃដីព្រៃរេចរិល ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកមង្គលបូរី និងឃុំភ្នំលៀប ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះ មានកិច្ចសហការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុកទាំងពីរ តំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីតំណាងមន្ទីរបរិស្ថាន នាយសង្កាត់រដ្ឋបាលជលផល អង្គភាពជំនាញពាក់ព័ន្ធ លោកមេឃុំ ក្រុមប្រឹក្សាឃុំទាំងបី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយលោកមេភូមិដែលមានការពាក់ព័ន្ធ៕




















