នាថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យអភិរក្ស បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦ ស្ថិតក្នុងភូមិសាស្ត្រភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ដំណើរនៃការចុះបំពេញបេសកកម្មក្នុងជំហាននេះមានគោលបំណង៖
១. ស្វែងយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រង អ្នកចូលរួមការពារ អភិរក្ស និងទស្សនៈវិស័យ ព្រមទាំងផែនការគ្រប់គ្រងនៅក្នុងតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦
២. សិក្សាស្វែងយល់ពីសក្តានុពល និងបម្រែបម្រួលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងស្ថានភាពទូទៅផ្សេងៗទៀត។
ក្នុងការចុះបំពេញបេសកកម្មនេះ ក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយមន្ត្រីជលផលដែលប្រចាំការនៅស្នាក់ការជាប់តំបន់អភិរក្ស
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទ
- ជួបប្រមូលព័ត៌មានជាមួយកងកំលាំងយុទ្ធភូមិភាគទី៥ ដែលនៅប្រចាំការយាមល្បាតនៅតំបន់អភិរក្ស
- ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦ គឺជាផ្នែកមួយរបស់សកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕















