Tuesday, September 29, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប ចុះ​ត្រួតពិនិត្យ វាយតម្លៃ និង​ប្រគល់​-​ទទួល​ការងារ​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល តំបន់​១ តំបន់​២ ស្ថិតក្នុង​តំបន់​៣ នៃ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​

​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ចន្ទ ២​រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប និង​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ត្រួតពិនិត្យ វាយតម្លៃ និង​ប្រគល់​-​ទទួល​ការងារ​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល តំបន់​១ តំបន់​២ ស្ថិតក្នុង​តំបន់​៣ នៃ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ជំហាន​ទី​២ ចំនួន ៦៥០​បង្គោល​។​
​សូមជម្រាបថា ការងារ​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល​គឺជា​កិច្ចការ​ចាំបាច់​ត្រូវ​បន្ត​អនុវត្ត​បោះបង្គោល​ការពារ​អោយបាន​ចប់សព្វគ្រប់​នៅតាម​តំបន់​កាត់​ឆ្វៀល​ដែលមាន​ទម្រង់​ដូច​ស្បែក​ខ្លា​នៅក្នុង​តំបន់​៣ តាម​បណ្តា​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប ដើម្បី ១. ការពារ​ទប់ស្កាត់​ការចូលទៅ​ទន្ទ្រាន​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់​៣ នៅជាប់​នឹង​តំបន់​កាត់​ឆ្វៀល ២. កំណត់​ព្រំ​ច្បាស់លាស់ ជូន​ប្រជាពលរដ្ឋ ងាយស្រួល​ដល់​ការដាំដុះ​កសិកម្ម ឬ​អាស្រ័យ​ផល និង​កសាង​លំនៅដ្ឋាន ដែល​មិន​រំលោភ​លើដី​ព្រៃ​ការពារ និង ៣. ព​ន្លឿ​ន​ដល់​ការរៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី និង​ការកំណត់​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ដី​និង​កា​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ។
​ជារួម​តាម​សកម្មភាព​នៃ​ការចុះអនុវត្ត​បោះបង្គោល​ជំហាន​ទី​១ ជំហាន​ទី​២ និង​ជំហាន​ទី​៣ តាម​តំបន់​កាត់​ឆ្វៀល​កន្លងមក អាជ្ញាធរ​ដែនដី សហគមន៍​មូលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ បាន​គាំទ្រ និង​សំណូមពរ អោយ អាជ្ញាធរ​ទន្លេសាប ចុះ​អនុវត្ត​បោះបង្គោល​កាត់​ឆ្វៀល​អោយបាន​លឿន និង​គ្រប់​ទីតាំង​តំបន់​ដែល​កាត់​ឆ្វៀល​៕

ព័ត៌មាន និងព្រឹត្តិការណ៍