Saturday, March 7, 2026
Homeព័ត៌មានអំពីទន្លេសាបព័ត៌មានជាតិដើ...

ព័ត៌មានជាតិដើម​រាំងទឹក​ធំៗ​ នឹង​ត្រូវ​ដាំ​តាម​​ចន្លោះ​បង្គោល​ព្រំ​តំបន់ ៣ ជុំវិញ​តំបន់​បឹងទន្លេសាប ដើម្បី​ការពារ​ដែន​​ព្រៃ​លិចទឹក

រាជរដ្ឋាភិបាល​បាន​ឯកភាព​ជា​គោលការណ៍​តាម​សំណើ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ ក្នុង​​ការ​អនុវត្ត​ការ​ដាំ​ដើម​រាំង​​ទឹក​ធំៗ ដើម្បី​ការពារ​ដែន​ព្រៃលិចទឹក និង​ព្រៃលិចទឹកស្ថិត​នៅ​ខេត្ត​ទាំង ៦ ​ជុំវិញ​បឹង​ទន្លេសាប។ នេះបើតាមលិខិត​របស់​​គណៈរដ្ឋមន្ត្រី ដែល​បាន​ឯកភាព​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​នៃខេត្តទាំង ​៦ និង​សហគមន៍​ស្ថិត​នៅខេត្ត​ជុំវិញ​តំបន់​បឹងទន្លេសាប ក្នុង​ការ​ធ្វើការ​ដាំព្រៃ​លិចទឹក​ប្រភេទរាំង​ទឹកធំៗ ដើម្បី​ធ្វើជា​ខ្សែ​ក្រវ៉ាត់ព្រំ​បន្ថែម​នៅ​តាម​ចន្លោះ​បង្គោល​ព្រំ​តំបន់ ៣ ដែល​បាន​សាងសង់រួចក្នុងខេត្តទាំង ៦ ជុំវិញតំបន់បឹងទន្លេសាប។

នៅក្នុង​លិខិតដដែល​នោះ​ រាជរដ្ឋាភិបាល​ក៏​ឯកភាព​ឲ្យ​ធ្វើការដាំស្តារ​ព្រៃ​លិចទឹក​ឡើងវិញ នៅ​តាម​ទីតាំង​ដែល​រងនូវ​ការ​ទន្ទ្រាន​នា​ពេល​កន្លងមក និង​តំបន់ដែលរេចរឹលក្នុងខេត្តទាំង ៦ ជុំវិញ​បឹង​ទន្លេសាប។ ជាមួយ​គ្នា​នេះ ក៏​ណែនាំ​ឲ្យ​ធ្វើការ​សិក្សា​ពីសក្តានុពល និង​លទ្ធភាពរបស់​បណ្ដាស្ទឹងសំខាន់ៗទាំង ១១ នៅ​ជុំវិញ​តំបន់​បឹងទន្លេសាប ដែល​ជាប្រភពទឹកមួយ​ដ៏សំខាន់​ហូរចូលទៅបឹងទន្លេសាប សម្រាប់​ផ្គត់ផ្គង់​ទឹកប្រើប្រាស់ ស្រោច​ស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្ដល់​លំនឹង​ដល់​ប្រព័ន្ធ​អេកូឡូស៊ីរបស់​បឹងទន្លេសាប។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏​ឲ្យ​ធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគ​លើបម្រែ​បម្រួល​ស្ថានភាព​សមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ី​នៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់។
នៅ​ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍន​ភាពការងារ​ចុះបញ្ជីអាងទឹកនៅទូទាំងប្រទស និងការ​សាងសង់​បង្គោល​ព្រំតំបន់ ៣ នៃ​តំបន់​បឹងទន្លេសាប កាលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និងឧតុនិយម និង​ជាប្រធាន​អាជ្ញាធរ​ទន្លេសាប​ បាន​បង្ហាញ​ពី​លទ្ធផល​សម្រេច​បាន​ក្នុង​ការ​បោះបង្គោល​ព្រំ​នៅតំបន់ ៣ ក្នុង​ភូមិសាស្រ្ត​ខេត្តទាំង ៦ ជុំវិញ​បឹងទន្លេសាបដែល​សម្រេច​បាន ​១០០ ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១២២៤ បង្គោល។
ក្នុង​នោះ​ក្រោយ​ពី​ពិនិត្យ​ឡើងវិញ​ពី​ទំហំ​ផ្ទៃដី និង​ការ​ចុះ​​ផ្ទៀងផ្ទាត់​តាម​ផែនទី និង​ការ​បោះបង្គោល​នៅ​តំបន់​បឹងទន្លេសាប​ជា​លទ្ធផល​​តំបន់ ១ មានទំហំ ៤៣៦.៨៧៩,១១ ហិកតា តំបន់ ២ មានទំហំ ៤១៣.៤៨៨,០៨ ហិកតា និងតំបន់ ៣ មានទំហំ ៥៦១.៦៣៤,៦០ហិកតា។
ក្រោយ​បញ្ចប់​ការសាងសង់បង្គោលព្រំតំបន់ ៣ សម្រេចបាន ១០០% អាជ្ញាធរ​នឹង​ឈាន​ទៅ​បោះ​បង្គោល​តំបន់ ២ បន្ត​ទៀត​​។

បឹងទន្លេសាបមានភូមិសាស្រ្ត​ជាប់​ខេត្តចំនួន ៦ មាន៖ ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។ ផ្ទៃដី និងព្រៃលិចទឹកជុំវិញបឹងទន្លេសាបបែង​ចែកចេញជា ៣ តំបន់​គឺតំបន់ ១ ជាតំបន់ដែលពលរដ្ឋកំពុងរស់នៅអាស្រ័យកាន់​កាប់ជាកម្មសិទ្ធស្របច្បាប់ តំបន់ ២ ពលរដ្ឋអាច​អាស្រ័យផល តែគ្មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ ដោយឡែក តំបន់៣ គឺជាតំបន់ព្រៃលិចទឹក​ដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឲ្យមានការរំលោភបំពាន​។
ថ្លែង​ក្នុងពិធី​ “បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ​២០២៤​” កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន​លើកឡើងពី​យុទ្ធនាការនៃការចុះ​បង្ក្រាបបទល្មើស​ការកាន់​កាប់ទន្រ្ទានរុករានដីព្រៃ និងដីអភិរក្សរបស់រដ្ឋនៅតំបន់បឹងទន្លេសាប​។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បាន​​ចេញ​សារព្រមាន​ធ្ងន់ៗនឹង​ដកតំណែងមន្ត្រីខិលខូច ប្រសិន​បើ​ប៉ះពាល់ដីអភិរក្សនៅជុំវិញបឹងទន្លេសាប។
សម្តេចធិបតីបានលើកឡើងថា គ្មានដីណាដែលថ្លៃជាងអនាគតនោះទេ ហើយការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹក​សាបធំជាងគេនៅលើពិភពលោក នឹង​ជាផលប្រយោជន៍សម្រាប់​មនុស្ស​ជំនាន់ក្រោយមានតម្លៃយ៉ាងធំធេង។
ប្រភពពី កម្ពុជាថ្មី
https://www.kampucheathmey.com/local-news/915885

ព័ត៌មាន និងព្រឹត្តិការណ៍