Friday, April 24, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ជួបប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ជំនាញ និង​រដ្ឋបាល​ថ្នាក់មូលដ្ឋាន ប្រចាំ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ពិសាខ ឆ្នាំម្សាញ់​សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប រួមជាមួយ​លោក សាយ គឹម​ឡ​ម អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​មន្ត្រីរដ្ឋបាល​ស្រុក​ស្ទោង បាន​ចុះ​ជួបប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ជំនាញ​ជលផល បរិស្ថាន កងកម្លាំង​សមត្ថកិច្ច ដែល​ឈរជើង​ប្រចាំការ​ការពារ​អភិរក្ស​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា រួមជាមួយ​ក្រុមប្រឹក្សាឃុំ​ពាម​បាង និង​មេភូមិ​ទាំង ៥ ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។
​សូមជម្រាបថា កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ជំនាញ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ខាងលើ គឺ​ក្នុង​គោលបំណង​សំដៅ​ចូលរួម​អនុវត្ត​ច្បាប់​ការពារ​ថែរក្សា​ធនធានធម្មជាតិ និង​ជីវចម្រុះ​ប្រកបដោយ​ចីរភាព ជាមួយនឹង​ស្មារតី​គិតគូរ និង​យកចិត្តទុកដាក់​ប្រកបដោយ​សុភនិច្ឆ័យ​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពឹង​អាស្រ័យ​នឹង​របរ​នេសាទ ជាពិសេស​ជំរុញ​ការចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្នុង​ឃុំ​ពាម​បាង ប្រកបដោយ​ប្រសិទ្ធភាព ។​
​សូមបញ្ជាក់​ផងដែរ​ថា ឃុំ​ពាម​បាង ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង ១៣ ចំណុះឱ្យ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែលជា​ឃុំ​នៅ​ដាច់ស្រយាល ស្ថិតនៅលើ​ផ្ទៃ​បឹង​ទន្លេសាប មាន ៥ ភូមិ ដែលជា​ភូមិ​បណ្តែត​ទឹក ហើយ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ គឺ​ពឹង​អាស្រ័យ​ផ្ទាល់​តែ​នឹង​របរ​នេសាទ​តែមួយ​មុខ​ទាំង​រដូវវស្សា និង​រដូវប្រាំង​។​
​ជាមួយនេះដែរ ក្នុងភូមិ​សាស្ត្រ​ឃុំ​ពាម​បាង ក៏មាន​តំបន់​អភិរក្ស​មួយ​សំខាន់ ឈ្មោះថា បឹង​ទន្លេ​ឆ្មា ជា​តំបន់​ស្នូល​មួយ ក្នុងចំណោម​តំបន់​ស្នូល​ទាំង​៣ នៅក្នុង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ត្រី​មេ​ពូជ ពង​កូន​-​បង្ក​កំណើត និង​ជួយ​បង្កើន​ផល​ស្តុក​ធនធាន​ត្រី និង​ធនធាន​ជីវចម្រុះ​គ្រប់​ប្រភេទ​មកដល់​បឹង​ទន្លេសាប​។ បឹង​ទន្លេ​ឆ្មា​នេះ មាន​ផ្ទៃដី​សរុប ១៤ ៥៦០​ហិច​តា គ្របដណ្តប់​ទៅដោយ​ផ្ទៃ​វាល​បឹង និង​ប្រព័ន្ធ​ព្រែក សម្បូរ​ណ៍​ដោយ​រុក្ខជាតិ​ចម្រុះ ត្រី សត្វ​ស្លាប​ទឹក ជាច្រើន​ប្រភេទ ហើយ​ដែល​ភាគច្រើន​ជា​ប្រភេទ​កម្រ ប្រភេទ​ងាយ​រងគ្រោះ ឬ​ជិត​ផុត​ពូជ ៕

ព័ត៌មាន និងព្រឹត្តិការណ៍