បន្ទាប់ពីមានជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និងលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB) នាពេលកន្លងមក នៅព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអាជ្ញាធរទន្លេសាប អមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បានធ្វើដំណើរទស្សនកិច្ចសិក្សារួមគ្នារវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោកទៅកាន់តំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងភូមិសាស្ត្រតំបន់បឹងទន្លេសាប ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់ពីសក្តានុពលជីវៈចម្រុះ អេកូទេសចរណ៍ បរិស្ថានទឹក ព្រមទាំងស្ថានភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាប្រឈមរបស់ប្រជាជនរស់នៅក្នុងភូមិបណ្តែកទឹក ដើម្បីកំណត់រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់និរន្តរភាពតំបន់ទន្លេសាបក្រោមកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោក។ សូមជម្រាបថា តំបន់រ៉ាមសាព្រែកទាល់ ជាតំបន់គោលដៅទេសចរណ៍ ជាបន្ទាយពងកូនសត្វស្លាបទឹក ជាទីជម្រករបស់សត្វស្លាបទឹកដ៏ធំជាងគេក្នុងប្រទេសកម្ពុជា និងជាតំបន់ដែលសម្បូរធនធាន និងជីវៈចម្រុះច្រើនប្រភេទ៕














