នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាសាលប្រជុំអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាង GGGI លើគម្រោងគំនិតផ្តួចផ្តើមដើម្បីនិរន្តរភាពបរិស្ថានតំបន់ទន្លេសាប ដោយផ្តោតសំខាន់ទៅលើការបន្ស៊ាំទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូតំណាងGGGI និងបានបង្ហាញពីចក្ខុវិស័យ និងបេសកកម្មរបស់អាជ្ញាធរទន្លេសាបក្នុងកិច្ចការពារ អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ ប្រតិភូតំណាង GGGI ក៏បានធ្វើបទបង្ហាញអំពីគោលបំណងនៃកិច្ចសហការ និងផែនការសកម្មភាពមួយចំនួន ព្រមទាំងស្នើសុំជាមតិយោបល់ និងធាតុចូលដើម្បីអភិវឌ្ឍន៍សំណើគម្រោងរួមគ្នា។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាបក៏បានធ្វើបទបង្ហាញអំពីសកម្មភាពការងារ កិច្ចការស្រាវជ្រាវ បញ្ហាប្រឈមនឹងបរិស្ថាន និងលទ្ធផលដែលពាក់ព័ន្ធមួយចំនួនព្រមទាំងការកំណត់ផែនការជាយុទ្ធសាស្ត្រសម្រាប់និរន្តរភាពបរិស្ថានបឹងទន្លេសាប។ ក្នុងជំនួបពិភាក្សាគ្នានេះ ភាគីទាំងពីរ បានឯកភាពគ្នាសម្រេចធ្វើកិច្ចការរួមគ្នាក្នុងជំហ៊ានបន្ទាប់៕












