កាលពីថ្ងៃចន្ទ ១២កើត ដល់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រ និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទនៅក្នុងតំបន់បឹងពារាំង និងតំបន់ចុងឃ្នៀសខេត្តសៀមរាប និងតំបន់ព្រែកទាល់ខេត្តបាត់ដំបង។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើការលើ ៖
១. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា
២. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល
៣. សម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ-ព័ត៌មានលើប្រភេទនីមួយៗ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រ និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដាន និងវាយតម្លៃប្រភេទធនធានជលផល ទៅតាមប្រភេទឧបករណ៍នេសាទក្នុងតំបន់សិក្សា
- បច្ចុប្បន្នភាពប្រភេទសត្វស្លាប និងថនិកសត្វក្នុងតំបន់សិក្សា៕









