ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានចូលរួមប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យ និងពិភាក្សាលសំណើសុំចុះបញ្ជីតំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកបឹងទន្លេសាបសម្រាប់ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់ទីប្រជុំជនជុំវិញ ដឹកនាំសម្របសម្រួលអង្គប្រជុំដោយឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសតំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាជ្ញាធរខេត្តសៀមរាប មន្ទីរជំនាញខេត្តសៀមរាប រួមជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ចូលរួមសរុបប្រមាណ ២៣នាក់។
សូមជម្រាបថា បន្ទាប់ពីធ្វើការពិភាក្សាប្រកបដោយស្មារតីយកចិត្តទុកដាក់ចំពោះការចូលរួមលើកកម្ពស់ដល់ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព លើវិស័យផ្គត់ផ្គង់ទឹកស្អាត រួមជាមួយការគិតគូរដល់ការការពារធនធានធម្មជាតិ និងបរិស្ថានប្រកបដោយបរិយាបន្ន ជាពិសេសតំបន់បឹងទន្លេសាប។ អង្គប្រជុំ បានឯកភាព និងគាំទ្រ ចំពោះការកំណត់ដែនការពារប្រភពទឹក ដែលបានស្នើឡើងតាមស្មារតីអង្គប្រជុំពិភាក្សាលើរបាយការណ៍បច្ចុប្បន្នភាពនៃការកំណត់តំបន់ការពារ របស់ក្រុមការងារបច្ចេកទេស ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ និងដាក់ស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលដើម្បីសម្រេច ៕














